ខេត្តកំពង់ស្ពឺ ៖ ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិក្រោមមេឃមួយដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេដែលភ្នំខ្នងផ្សារនេះប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់ ។

បើយើងអាចធ្វើដំណើរទៅកាន់ទីនោះបានតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺ ប្រមាណជាង១គីឡូម៉ែត្រទៅដល់ស្តុបស្ថានីយ៍ប្រេងកាល់តិច (ច្បារមន) បត់ទៅស្តាំដៃហើយបន្តដំណើរប្រមាណ១គីឡូម៉ែត្រទៀតនោះយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤ ។

លើចម្ងាយផ្លូវប្រមាណជា៥០គីឡូម៉ែត្រយើងនឹងទៅដល់រង្វង់មូលមានរូបដំរី(ផ្សារកន្ទួត)នៃស្រុកឱរ៉ាល់ ។ នៅរង្វង់មូលនោះយើងអាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ ។ បន្ទាប់មកអ្នកទេសចរត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ៣៥គីឡូម៉ែត្រទៀតដោយជិះកាត់តាមទេទឹកពុះ និងទំនប់តាសាលនោះយើងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថា ភូមិរលាក់កងជើងដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារហើយ ។
មុននឹងឡើងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរទាំងអស់ត្រូវទៅចុះឈ្មោះជាមួយមន្ត្រីបរិស្ថាននៅស្នាក់ការបរិស្ថានជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាងបាត់សមាជិកដោយប្រការណាមួយ ។

ទន្ទឹមនេះភ្ញៀវទេសចរក៏តម្រូវឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដើម្បីមើលការខុសត្រូវ ណែនាំ ការពារ ជួយស្ពាយអឺវ៉ាន់ និងដាំស្លរឲ្យយើងបរិភោគផងដែរ ។ ភ្ញៀវទេសចរអាចគយគន់នូវទេសភាពព្រៃព្រឹក្សា អមទៅដោយសំឡេងសត្វបក្សាបក្សីស្រែកខ្ញៀវខ្ញារធ្វើឱ្យបាត់អស់ទុក្ខកង្វល់រសាយអស់ជាមួយបរិយាកាសធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ។
ជាងនេះទៅទៀត ភ្ញៀវទេសចរនឹងគយគន់មើលទៅឆ្ងាយបន្តិច ឃើញដុំពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយបែបទៀតដែលត្រូវបានភ្ញៀវទេសចរប្រសិទ្ធនាមឱ្យថាជា«ឋានសួគ៌ក្រោមមេឃ»។ ភ្ញៀវទេសចរអាចគយគន់មើលវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ ។

សម្រាប់ការសម្រាកនៅលើកំពូលភ្នំក្នុងដំណើរកម្សាន្ត ភ្ញៀវទេសចរ គួរតែត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទិកគ្រប ដើម្បីការពារជម្រៀបទឹកភ្លៀង ឬក៏ទឹកសន្សើម ។ មិនតែប៉ុណ្ណោះក៏ត្រូវត្រៀមនូវអាវ ឬភួយក្រាស់ៗ ដើម្បីដណ្តប់ប្រាណផងដែរព្រោះ នៅទីនោះពេលយប់ គឺត្រជាក់ខ្លាំងណាស់ ។ ប៉ុន្តែប្រសិនបើបងប្អូនមិនមាន ឬមិនបានដាក់ទៅជាមួយទេ គឺអាចទាក់ទងជួលជាមួយប្រជាសហគមន៍បានដោយក្នុងមួយតង់តម្លៃ៤ម៉ឺនរៀលតែប៉ុណ្ណោះ និងអាចគេងបានពី២ទៅ៣នាក់ផងដែរ ។
សូមរំឭកផងដែរ ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងឡើងទៅលើភ្នំខ្នងផ្សារ គួរតែត្រៀម និងយកទៅជាមួយនូវអាហារក្រៀមៗទុកបានយូរ និងមានទម្ងន់ស្រាលដូចជា ត្រីងៀត ងៀតគោ និងសាច់ក្រក មីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ ហើយចំពោះអង្ករដាំបាយ គឺទិញប្រជាសហគមន៍នៅទីនោះបាន ។
មួយវិញទៀត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ភ្នំខ្នងផ្សារត្រូវបានកសាងឱ្យមានបន្ទប់ទឹក និងបង្គន់អនាម័យសម្រាប់ការបន្ទោបង់ និងងូតទឹកសម្អាតខ្លួនផងដែរ ៕





ចែករំលែកព័តមាននេះ