យោងតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាមេរិកដែលស្នើមិនបញ្ចេញឈ្មោះថា លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងបង្ហាញពីផែនការសកម្មភាពថ្មីសម្រាប់សេដ្ឋកិច្ចក្នុងសុន្ទរកថាមួយ ដែលលោកនឹងថ្លែងក្រោយទិវាការងារ LABOR DAY ថ្ងៃទី៥ កញ្ញា ខាងមុខនេះ។
សុន្ទរកថានេះពិតណាស់ នឹងគឺជាការតបតមួយចំពោះពួកប្រឆាំងនៃគណបក្សសាធារណរដ្ឋលើរឿងពន្ធដារ ការចំណាយរបស់រដ្ឋ និងការងើបឡើងវិញនៃសេដ្ឋកិច្ច។ ភាពលម្អិតនៃផែនការនេះត្រូវបានលាតត្រដាងរួចហើយ។ ការលាតត្រដាងនេះធ្វើឡើងកាលពីថ្ងៃទី១៧ សីហា ក្នុងថ្ងៃទី៣ នៃដំណើរទស្សនកិច្ចតាមរថយន្តបឺសពាសដែកតម្លៃ១,១លានដុល្លាររបស់លោកអូបាម៉ា ក្នុងរដ្ឋគន្លឹះ៣របស់អាមេរិក ដែលក្នុងឱកាសនោះលោកបានរិះគន់ពួកសាធារណរដ្ឋក្នុងសភាពិសេសពួកអ្នកស្ថិតក្នុងក្រុម TEA PARTY ដែលលោកថា ពួកនេះជាអ្នកបំផ្លាញការខិតខំប្រឹងប្រែងនានាក្នុងការជំរុញសេដ្ឋកិច្ច។
ផែនការនោះនឹងរួមមានការសន្យាកាត់បន្ថយឱនភាពថវិកាដែលមានខ្ពស់ជាង១.៥០០ពាន់លានដុល្លារ ការសន្សំសំចៃរយៈពេល១០ឆ្នាំ និងការឆ្លើយតបចំពោះការជំពាក់បំណុលរបស់អាមេរិក។
យោងតាមអ្នកទទួលខុសត្រូវរូបនេះថា ផែនការរបស់លោកអូបាម៉ា នឹងផ្អែកលើការខិតខំប្រឹងប្រែងធ្វើឱ្យមានលំនឹងសម្រាប់កាត់បន្ថយឱនភាពដែលអាចឡើងដល់១.៦០០ពាន់លានដុល្លារនាឆ្នាំនេះ។ ពាក្យថា វិធានការធ្វើឱ្យមានលំនឹងគឺលោកអូបាម៉ា ប៉ុនប៉ងបង្កើនពន្ធ របស់ពលរដ្ឋអាមេរិកជាអ្នកមានអមដោយការកាត់បន្ថយក្នុងការចំណាយ។ ពួកសាធារណរដ្ឋប្រឆាំងនឹងគំនិតនេះដោយលើកហេតុផលថា អាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
ខាងសេដ្ឋកិច្ច និងខាងនយោបាយ លោកអូបាម៉ា កាន់តែធ្លាក់ក្រោមការគាបសង្កត់ ។ ភាពយឺតយ៉ាវនៃកំណើនរបស់អាមេរិក និងអត្រាអ្នកអត់ការងារធ្វើមានដល់៩,១% ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងសម្រាប់ការជាប់ឆ្នោតជាថ្មីរបស់លោកអូបាម៉ា ក្នុងឆ្នាំ២០១២៕
ចែករំលែកព័តមាននេះ