ម្ចាស់ជើងឯកក្របខណ្ឌធំ French Open នាង លីណាបានឈានចូលទៅដល់ជុំទី៣ នៃការប្រកួតតឺន្នីសកម្មវិធី Western & Southern Open យ៉ាងរលូនបន្ទាប់ពីបានបំបាក់កីឡាការិនីឆែកលូស៊ី សាហ្វារ៉ូវ៉ាក្នុងជុំទី២កាលពីថ្ងៃអង្គារទី១៦ខែសីហាកន្លងមកនេះ។ ការប្រកួតកម្មវិធីខាងលើនេះត្រូវបានរៀបចំធ្វើនៅទីលាន Lindner Family Tennis Center ស្ថិតនៅក្នុងទីក្រុងម៉ាសុនរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក ។
លីណាបានយកឈ្នះនាងសាហ្វារ៉ូវ៉ាក្នុងលទ្ធផល២សិតផ្ទួនៗ ៦-៣និង៦-៤ក្លាយជាកីឡាការិនីដំបូងគេឈានដល់ជុំទី៣កម្មវិធីWestern & Southern Open ឆ្នាំនេះ។
នេះគឺជាការប្រកួតលើកដំបូងហើយសម្រាប់នាងលីណាចាប់តាំងពីបានបរាជ័យក្នុងជុំទី២ក្របខណ្ឌធំ Wimbledon នៅអង់គ្លេសរួចមក។ នាងបាននិយាយថា៖ «ប្រកួតលើទីលានបែបនេះ ខ្ញុំត្រូវការជ័យជម្នះមួយចំនួនទៀត។ ការប្រកួតគឺតែងតែពិបាក ប៉ុន្តែខ្ញុំពិតជាសប្បាយរីករាយដែលអាចយកឈ្នះការប្រកួតនៅថ្ងៃនេះ»។
ចំណែកនាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា ក៏បានឈានចូលដល់ជុំទី៣ផងដែរ បន្ទាប់ពីយកឈ្នះនាងអាណាស្តាស៊ីយ៉ា រ៉ូឌីអូណូវ៉ាក្នុងលទ្ធផល៦-១និង៦-៣ ខណៈនាងប៉េត្រា វីតូវ៉ាយកឈ្នះនាងសាណែល ស្គីបព័រក្នុងលទ្ធផល៧-៦និង៦-៣ ។ កីឡាការិនីបារាំងម៉ារីយ៉ុង បាតូលីបានយកឈ្នះកីឡាការិនីអ៊ុយក្រែនអាឡូណា បុនដារិនកូក្នុងលទ្ធផល៦-១និង៦-២ ។
ចំណែកការប្រកួតឯកត្តជនផ្នែកបុរសវិញ កីឡាករលំដាប់ទី៣ពិភពលោករ៉ូជើ ហ្វេដឺរ័របានយកឈ្នះកីឡាករអាហ្សង់ទីនចូអាន ម៉ាទីន ឌែលប៉ូត្រូក្នុងលទ្ធផល៦-៣និង៧-៥ខណៈកីឡាករតូម៉ាស់ បឺឌីយកឈ្នះកីឡាករចូអាន ម៉ូណាកូក្នុងលទ្ធផល៧-៦និង៦-០។ កីឡាករជេម ប្លេកបានយកឈ្នះកីឡាករហ្វាប៊ីយ៉ូ ហ្វូកនីនីក្នុងលទ្ធផល៦-៤និង៦-២ ។
ចំណែកកីឡាករបារាំងហ្សូវីលហ្វ្រ៊ី សុងហ្គាបានយកឈ្នះកីឡាករក្រូអាស៊ីម៉ារីន ស៊ីលិចក្នុងលទ្ធផល៦-៣និង៦-៤ ខណៈកីឡាករឡាតវីអឺនណេស ហ្គុលប៊ីសបរាជ័យក្រោមថ្វីដៃកីឡាករក្រូអាស៊ីអ៊ីវែន ដូឌិកក្នុងលទ្ធផល៦-៣និង៧-៦ ៕
ចែករំលែកព័តមាននេះ