សម្លេងផ្ទុះបានលាន់កងរំពងឡើង៣គ្រាប់ផ្ទួនៗគ្នា នៅមុខភោជនីយដ្ឋានរ៉ាំបូ លើចំណុចផ្លូវ១៨៤កែង៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈយុវជនស្ទាវ២ក្រុមឈ្លោះទាស់ប្រើហិង្សាដាក់គ្នាយ៉ាងប្រសេចប្រសាច កាលពីរាត្រី១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ សីហា២០១១ គឺជាការបាញ់បង្អើលបំបែកហ្វូងពួកគេកុំឱ្យប្រខាំគ្នាតទៅទៀត ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា មុនដំបូងមានពួកយុវជនស្ទាវ២ក្រុមបានចូលផឹកស៊ីនៅក្នុងហាងរ៉ាំបូ ហើយបានឌឺដងពាក្យសម្ដីជម្លោះដាក់គ្នាឈានទៅគប់កែវដាក់គ្នា និងទាញកៅអីធ្វើជាអាវុធវាយគ្នាយ៉ាងរញ៉េរញ៉ៃបន្ទាប់មកបានរត់ចេញទៅក្រៅបង្កឱ្យមានភាពប្រសេកប្រសាចពេញថ្នល់គួរឱ្យខ្លាច។ ខណៈនោះអង្គរក្សរបស់មន្ត្រីជាន់ខ្ពស់ម្នាក់បានមកដល់ ហើយឈប់រថយន្តបាញ់បង្អើលបង្អាក់សកម្មភាពហិង្សារបស់ពួកគេ ។
ការបាញ់បំបែកហ្វូងជម្លោះនេះមិនបានប៉ុន្មាន សមត្ថកិច្ចប៉េអឹមក៏មកដល់ដើម្បីធ្វើអន្តរាគមន៍ ប៉ុន្តែពួកយុវជនស្ទាវបានរត់បែកខ្ញែកអស់ទៅហើយ... នៅសល់តែអង្គរក្សមន្ត្រីជាន់ខ្ពស់ម្នាក់គត់ត្រូវប៉េអឹមសួរនាំអំពីការបាញ់កាំភ្លើង ។ អង្គរក្សរូបនោះឆ្លើយថា ការបាញ់នេះគឺដើម្បីការពារខ្លួន និងបញ្ឈប់ សកម្មភាពរបស់ពួកស្ទាវ បើមិនដូច្នោះទេពួកគេនឹងបង្កគ្រោះថ្នាក់ដល់គាត់ ។ ប៉េអឹមក៏យោគយល់តាមនោះ ហើយត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ