ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការងារមនុស្សធម៌ ក្រៅពីការងារការពារសណ្តាប់ធ្នាប់សន្តិសុខជូន ប្រជា ពលរដ្ឋកាលពីព្រឹកថ្ងៃទី១៦ សីហា នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កងកម្លាំងនគរបាល ប្រមាណ៦២នាក់បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូន មជ្ឈមណ្ឌលផ្តល់ឈាម ដើម្បីរួមចំណែកដោះស្រាយកង្វះឈាមនាពេលបច្ចុប្បន្ន។
ក្រុមគ្រូពេទ្យផ្នែកទទួលឈាម នៃមន្ទីពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងនគរបាលខេត្ត ដែលមានស្មារតីខ្ពស់ ក្នុងន័យមនុស្សធម៌ និងបានណែនាំពីគុណប្រយោជន៏នៃការបរិច្ចាគឈាមនាឱកាសនោះដែរ ។
នាឱកាសនោះលោកឧត្តមសេនីយ៍តាក វណ្ណថា ស្នងការនគរបាលខេត្តបានថ្លែងទៅកាន់កងកម្លាំងនគរបាលថា គ្មានអ្វីជំនួសឈាមបានទេមានតែឈាមដែលបាន មកពីមនុស្សដូចគ្នាប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះមនុស្សបាន។ ការផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់យើងនេះ នឹងទទួលបាននូវបុណ្យកុសលយ៉ាងច្រើនក្នុងការសង្គ្រោះជីវិតមនុស្ស ។ លោកបន្តទាំងទឹកចិត្តញញឹមថា សម្រាប់ការបរិច្ចាគឈាមនាថ្ងៃនេះរូបលោកគ្មានអារម្មណ៍តក់ស្លុតនិងស្តាយស្រណោះអ្វីទេ ផ្ទុយទៅវិញ គឺមានតែសប្បាយចិត្តព្រោះឈាមមួយប្លោករបស់លោក នឹងអាចជួយសង្គ្រោះជីវិតមនុស្សបានម្នាក់វាមិនខុសពីបានធ្វើបុណ្យមួយរយវត្តនោះទេ៕
ចែករំលែកព័តមាននេះ