កងរថក្រោះស៊ីរីកាលពីថ្ងៃទី១៦ សីហា បានវាយប្រហារលើសង្កាត់ពួកស៊ុននីតទាំងឡាយនៃទីក្រុង LATTAQUIE ចូលដល់ថ្ងៃទី៤ នៃការវាយលុកដើម្បីបង្ក្រាបចលនាបះបោរប្រឆាំងប្រធានាធិបតីលោកបាចា អាល់ អាសាដ ក្នុងទីក្រុងកំពង់ផែធំនេះនៅភាគខាងជើងប្រទេស។
ប្រធានាធិបតីស៊ីរីស្ថិតក្នុងក្រុមអ៊ិស្លាមស៊ីអ៊ីត បានពង្រីក និងបង្កើនប្រតិបត្តិការយោធាប្រឆាំងទីក្រុងទាំងឡាយដែលកើតមានបាតុកម្មទាមទារឱ្យលោកចាកចេញពីអំណាច ដែលចលនាប្រឆាំងនេះផ្ទុះឡើងពីពាក់កណ្តាលខែមីនាមក។ មានការរិះគន់កាន់តែខ្លាំងឡើងៗ ប្រឆាំងរូបលោកផ្ញើមកពីបរទេសពិសេសមកពីតួកគី។
ប្រជាជនទីក្រុងនេះម្នាក់រាយការណ៍តាមទូរស័ព្ទប្រាប់រ៉យទ័រថា ការបាញ់កាំភ្លើងយន្ត និងគ្រាប់ផ្លោងកើតមាននាព្រឹកថ្ងៃទី១៦ សីហា នៅសង្កាត់អាល់រ៉ាបែល អាល់ហ្វីលីស្ទីនី (ជាសង្កាត់មានជនភៀសខ្លួនប៉ាឡេស្ទីន) និងសង្កាត់អាល់ចាអាប។ យោងតាមក្រុមប្រឆាំងស៊ីរីថា ជនស៊ីវិល៦នាក់ត្រូវសម្លាប់នាថ្ងៃទី១៥ សីហា នៅក្រុង LATTAQUIE ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងទីក្រុងនេះឡើងដល់៣៤នាក់ហើយ ៕
ចែករំលែកព័តមាននេះ