ខេត្តកោះកុង ៖ នាព្រឹកថ្ងៃទី១៦ សីហា ២០១១ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹកកោះកុង មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានស្ម័គ្រចិត្តថ្មី ចំនួន៧០នាក់ ក្នុងនោះមានស្រីចំនួន៩នាក់ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹកកោះកុង ដែលបានហ្វឹកហ្វឺនចាប់ពីថ្ងៃទី៧ មិថុនា ដល់ថ្ងៃទី១៦ សីហា ២០១១។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកប៊ុន លើត អភិបាលខេត្ត ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហានចំណុះឱ្យយោធភូមិភាគទី៣ និងចំណុះតំបន់ប្រតិបត្តិការសឹកកោះកុង ព្រមទាំងតំណាងមន្ទីរស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តយ៉ាងច្រើនកុះករ ។
នៅក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី យន្ត មីន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុងបានបញ្ជាក់ថា ក្នុងអំឡុងពេលកន្លងមក តំបន់ប្រតិបត្តិការសឹកកោះកុងបានត្រៀមកម្លាំងជាប់ជាប្រចាំ ជាពិសេសពេលសភាពការណ៍នៅតាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃមានសភាពតានតឹង ប៉ុន្តែការឈរជើងរបស់កងទ័ពយើងនៅខ្សែត្រៀមជួរមុខ បានកសាងទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយកងទ័ពថៃ ហើយបានបញ្ចៀសរាល់បញ្ហាមិនដែលមានការប្រឈមមុខដោយអាវុធឡើយ ។ ទន្ទឹមនឹងមោទនភាពទាំងនេះ កម្លាំងកងទ័ពមិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនម្តងណាឡើយ គឺបានកសាងទីតាំងឈរជើងយ៉ាងរឹងមាំ ជា ពិសេសលេណដ្ឋានសម្រាប់កម្លាំងឈរជើង គឺបានសាងសង់រាប់រយកន្លែង ។ លេណដ្ឋានទាំងនោះធ្វើអំពីឈើហើយបានទ្រុឌទ្រោមទៅវិញ តែក្រោយមកក៏បានស្ថាបនាលេណដ្ឋានបេតុងជំនួសវិញ បានចំនួន២៣កន្លែង។ លោកឧត្តមសេនីយ៍ត្រីយន្ត មីន បន្តថា នៅចំពោះមុខ តំបន់ប្រតិបត្តិការសឹកកោះកុង ត្រូវការលេណដ្ឋានចំនួន១៥៤កន្លែងទៀតសម្រាប់ខ្សែត្រៀមជួរ មុខ ។ ឯចំពោះកម្លាំងថ្មីដែលបញ្ចប់វគ្គហ្វឹកហ្វឺននៅពេលនេះ ក៏ត្រូវបែងចែកទៅតាមវរៈចំណុះទាំងអស់ រួមទាំងវរៈឈរជើងនៅតាមខ្សែត្រៀមជួរមុខផងដែរ ។
លោកប៊ុន លើត អភិបាលខេត្តបានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹកកោះកុង ជាពិសេសពលទាហាន ទើបតែបញ្ចប់វគ្គថ្មីៗដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ហើយឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលខ្លី ប៉ុន្តែទទួលបានលទ្ធផលល្អ។ ជាមួយនេះ មានពលទាហានជានារីបានសុំបាញ់គ្រាប់ពិត ហើយប្រើប្រាស់អាវុធធុនធ្ងន់ គឺអាវុធB-40 និងបាញ់ចំគោលដៅទៀតផង ។ លោកបានផ្តាំផ្ញើសូមឱ្យពលទាហានថ្មីទាំង៧០នាក់ យកចំណេះដឹងទាំងនេះទៅបម្រើក្នុងបុព្វហេតុការពារជាតិមាតុភូមិកុំឱ្យសត្រូវឈ្លានពាន ។
នៅចុុងបញ្ចប់ លោកអភិបាលខេត្តបានផ្តល់រង្វាន់ជាទូរស័ព្ទនិងទូរទស្សន៍មួយចំនួនដល់ពលទាហានថ្មីដែលទទូលបាននិទ្ទេសល្អ ក្នុងការហ្វឹកហ្វឺន និងផ្តល់ថវិកាចំនួន៦លានរៀលដល់តំបន់ប្រតិបត្តិការសឹកកោះកុងសម្រាប់កសាងនិងផ្គត់ផ្គង់អង្គភាព ត្រីខ៥កេស មី៣០កេស ទូរស័ព្ទចំនួន៩គ្រឿង។ លោកឧត្តមសេនីយ៍ឯកកែវ សាមួន មេបញ្ជាការយោធភូមិភាគទី៣ ឧបត្ថម្ភសំបកកង់ម៉ូតូចំនួន២៤គូ លោកឧត្តមសេនីយ៍ត្រីយន្ត មីន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ឧបត្ថម្ភទូរទស្សន៍ ២១អ៊ីញ ចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន១២គ្រឿង លោកវរសេនីយ៍ឯកហែម ចៀវ ឧបត្ថម្ភទូរស័ព្ទដៃចំនួន១គ្រឿង និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ដល់សិក្ខាកាមដែលទើបតែបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីនេះ ៕
ចែករំលែកព័តមាននេះ