ខេត្តពោធិ៍សាត់ ៖រថយន្តដឹកបទល្មើស ព្រៃឈើចំនួន២គ្រឿង រួមនឹងមនុស្សម្នាក់ត្រូវសមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៦ សីហា ២០១១ នៅខាងមុខអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត។ រថយន្តទាំងពីរគ្រឿងមួយគ្រឿងម៉ាកមែរសឺដែស S-500 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2B-4779 និងមួយគ្រឿងទៀតម៉ាកកាមរីស៊េរី95 ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាកលេខ ភ្នំពេញ 2A-2635។ ចំណែកមនុស្សដែលឃាត់ខ្លួនបាននោះឈ្មោះស៊ូ សារ៉ូ ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅភូមិជ្រាស ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។រថយន្តមែរសឺដែសផ្ទុកឈើគ្រញូងចំនួន44ដុំ និងរថយន្តកាមរី45ដុំ សរុប89ដុំទម្ងន់902គីឡូក្រាមស្មើនឹង0,751ម៉ែត្រគូប។
ស៊ូ សារ៉ូដែលឃាត់ខ្លួនបាននោះសារភាពថា ខ្លួនជិះរថយន្តកាមរីជាមួយអ្នកបើកបរឈ្មោះឈឿន ឃឿន ដែលរត់គេចខ្លួនមានទីលំនៅស្រុកពួក ខេត្តសៀមរាបដែរ។ ចំណែកអ្នកបើកបររថយន្តមែរសឺដែសឈ្មោះវ៉ាន់ មានទីលំនៅខេត្តឧត្តរមានជ័យ។ ទាំងពីរនាក់ស៊ីឈ្នួលបើករថយន្តដឹកឈើគ្រញូងឱ្យថៅកែឈ្មោះទន់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប យកទៅលក់នៅស្រុកមេមត់ ខេត្តកំពង់ចាម។ ពេលដឹកឈើគ្រញូងដល់គោលដៅម្ដងបានប្រាក់កម្រៃម្នាក់ 100ដុល្លារ ចំណែកខ្លួនអ្នករួមដំណើរបានតែ50ដុល្លារទេ។
លោកវរសេនីយ៍ត្រីប៊ិន វណ្ណា អធិការនគរបាលស្រុកក្រគរឱ្យដឹងថា នៅព្រឹកនោះនគរបាលចរាចរផ្លូវគោកស្រុកបាកាន បានផ្ដល់ព័ត៌មានមកថា ឃើញរថយន្តទាំងពីរគ្រឿងខាងលើគួរឱ្យសង្ស័យ ព្រោះហៅមិនឈប់ ហើយបើកបរក្នុងល្បឿនលឿនទៀតផង។ទទួលបានព័ត៌មាននេះក៏ដូចបទបញ្ជាលោកឧត្តមសេនីយ៍ត្រីសារុន ចាន់ធី ស្នងការនគរបាលខេត្ត យើងបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួង កងរាជអាវុធហត្ថ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រគរ ដើម្បីស្ទាក់ចាប់រថយន្តដែលមានការសង្ស័យនោះ។ មួយសន្ទុះក្រោយមកយើងឃើញរថយន្តដែលមានភិនភាគខាងលើកំពុងបោះពួយប្រដេញគ្នាយ៉ាងលឿនលើផ្លូវជាតិលេខ5 ក្នុងទិសដៅពីកើតទៅលិច។ ដោយកម្លាំងខាងមុខហៅឱ្យឈប់មិនឈប់ យើងបានទាញបារ៉ាសដាក់កាត់ទទឹងថ្នល់ នៅខាងមុខអធិការដ្ឋាននគរបាលស្រុកក្រគរ ស្រាប់តែរថយន្តទាំងពីរគ្រឿងនោះបើកបំបុកបារ៉ាសទាំងកំរោលហើយជ្រុលទៅបុករថយន្តសមត្ថកិច្ចខូចខាតអស់ចំនួន2គ្រឿងទៀតផង។ ដោយទៅមុខលែងរួចអ្នកបើកបរបានទុករថយន្តចោលទីនោះរួចនាំគ្នារត់គេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរម្នាក់មិនរត់ទៅណាក៏ឃាត់ខ្លួនបានតែម្ដង។
សមត្ថកិច្ចយើងបានឆែកឆេរក្នុងរថយន្ត ឃើញផ្ទុកសុទ្ធតែឈើគ្រញូង ក៏នាំយកវត្ថុតាងនិងមនុស្សម្នាក់នោះប្រគល់ទៅឱ្យខាងរដ្ឋបាលព្រៃឈើ និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។លោកឱ្យដឹងថា អ្នកបើកបររថយន្តដឹកឈើគ្រញូងសព្វថ្ងៃនេះភាគច្រើនសុទ្ធតែញៀនថ្នាំ មិនខ្លាចស្លាប់នោះឡើយ ដែលធ្វើឱ្យសមត្ថកិច្ចមានការលំបាកក្នុងការស្ទាក់ចាប់រថយន្តពួកគេម្ដងៗ។
លោកគឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ឱ្យដឹងថា ក្នុងរយះពេលមួយសប្ដាហ៍នេះ សមត្ថកិច្ចយើងចាប់បានអ្នករកស៊ីដឹកឈើចំនួន5នាក់ដាក់ពន្ធនាគារហើយ ក្នុងនោះនៅស្រុកក្រគរ3នាក់ និងស្រុកភ្នំក្រវាញ2នាក់រួមនឹងឈើគ្រញូងនិងរថយន្តជាវត្ថុតាងមួយចំនួនទៀត។ ទន្ទឹមនឹងនេះ សមត្ថកិច្ចយើងក៏កំពុងតែ
សហការគ្នាបន្តបង្ក្រាបដូចភ្លៀងរលឹម ដើម្បីអនុវត្តឱ្យខាងតែបានតាមទិសដៅរបស់រាជរដ្ឋា ភិបាល ក៏ដូចរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់
និនេសាទ រដ្ឋបាលព្រៃឈើ និងអភិបាលខេត្តពោធិ៍សាត់ផងដែរ៕
ចែករំលែកព័តមាននេះ