បុរស២នាក់បានប៉ើងខ្ទាតរមៀលត្រឡប់ត្រឡិនស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូលឿនដូចព្យុះបុកគ្នាលាន់ផាំង!ប្រាវ...បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦សីហា២០១១លើកំណាត់ផ្លូវជាតិលេខ២៧១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡៅ រដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូ ម៉ាកណៃហត ពណ៌ខ្មៅ ត្រូវបានសាក្សីនិយាយថា ជិះម្នាក់ឯងពីទិសខាងជើងទៅត្បូងលឿនដូចព្យុះ ពុះជ្រែកវ៉ាគេឯង ខណៈនោះ មានម៉ូតូម៉ាកស្តេបពណ៌ខ្មៅលាយក្រហមជិះម្នាក់ឯងឆ្លងផ្លូវក៏វាក់នឹងគ្នាហើយបុកគ្នាពេញទំហឹងបណ្ដាលឱ្យម៉ូតូប៉ើងខ្ទាតអូសថ្នល់លាន់ប្រាវជាច្រើនម៉ែត្រ ឯមនុស្សប៉ើងខ្ទាតត្រឡប់ត្រឡិនដូចស្លឹកកណ្ដបបាក់ជើងបាក់ដៃបែកក្បាលស្ទើរទក់សាច់មើលលែងយល់ជាមនុស្ស ស្លាប់រៀងៗខ្លួន ។ ម្ចាស់ម៉ូតូម៉ាក ស្តេបមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ព្រោះថាយប់នោះ ប៉ូលិសរង់ចាំបងប្អូនសាច់ញាតិមកយកទៅធ្វើបុណ្យដែរ តែមិនឃើញក៏លើកទៅដាក់នៅ មន្ទីរពេទ្យតែម្ដងទៅ ។
នៅកន្លែងកើតហេតុគេពិនិត្យឃើញសពស្ដូកស្ដឹងស្ទើរទក់សាច់ក្នុងថ្លុកឈាម និងមានពាក់មួកសុវត្ថិភាពដែរ តែពួកគេមិនកឹបគន្លឹះទើបបានជាពេលបុកគ្នាមួកត្រូវខ្ទាតចេញពីក្បាល ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើមួកជាប់ក្បាលក៏ដោយក៏មិនធានាដែរ ព្រោះបុកគ្នាខ្លាំងពេក ៕
ចែករំលែកព័តមាននេះ