គ្រប់អត្តពលិក ដែលនឹងទៅចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសជើងឯកកីឡាអត្តពលកម្មពិភពលោក World Championships នៅទីក្រុងឌែរហ្គូប្រទេសកូរ៉េខាងត្បូង ចុងខែនេះនឹងត្រូវប្រឈមនឹងការធ្វើតេស្តឈាមដោយហ្មត់ចត់មួយពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ IAAF។ ការធើ្វតេស្តនេះ គឺជាផ្នែកមួយនៃកម្មវិធីប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់សារធាតុហាមឃាត់ ដែលមិនធ្លាប់មានពីមុនមករបស់ពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ IAAF។
ការធ្វើតេស្តឈាមនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៨សីហា នៅឯកន្លែងត្រួតពិនិត្យសារធាតុហាមឃាត់មានទីតាំងនៅក្នុងបរិវេណអគារស្នាក់នៅរបស់អត្តពលិក។ បន្ទាប់ពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ IAAF ពិនិត្យជាលើកដំបូងរួចហើយ គេនឹងបញ្ជូនលទ្ធផលទៅមន្ទីរពិសោធធំរបស់ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុញៀននៅទីក្រុងឡូសាន ប្រទេសស្វ៊ីស ជាបន្តទៀត។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាអត្តពលកម្មពិភពលោក World Cham-pionships នៅទីក្រុងឌែរហ្គូ ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០១១នេះ គ្មានអត្តពលិកណាម្នាក់ក្នុងចំណោមសរុបប្រមាណជា ២.០០០នាក់ អាចរួចខ្លួនពីការពិនិត្យឈាមមុនពេលការប្រកួតនោះទេ។ ការធ្វើតេស្តលើកនេះ គឺផ្តោតជាសំខាន់ទៅលើសារធាតុទូទៅ ដែលមាននៅក្នុងឈាមអត្តពលិកម្នាក់ៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ IAAF បានបញ្ជាក់ថា៖ «ក្នុងនាមជាសហព័ន្ធកីឡាមួយដែលកំពុងនាំមុខគេលើការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ IAAF បានសន្យាថានឹងអនុវត្តយ៉ាងពេញលេញពិនិត្យលើលិខិតឆ្លងដែនបញ្ជាក់ពីជីវៈប្រវត្តិរបស់អត្តពលិកនៅជំហានដំបូង។ ទង្វើនេះគឺជាគន្លឹះនៃការប្រេយុទ្ធប្រឆាំងលើការប្រើប្រាស់សារធាតុហាមឃាត់សម័យបច្ចុប្បន្ន» ។ លទ្ធផលតេស្តទាំងឡាយណាដែលនៅមានការសង្ស័យនឹងត្រូវយកទៅធ្វើតេស្តដំណាក់កាលទី២បន្ថែមទៀត ៕
ចែករំលែកព័តមាននេះ