ប្រភពរបស់ប៉ូលិសរាយការណ៍ថា បុរសជាឪពុកម្នាក់នៃគ្រួសារខ្សត់ខ្សោយហ្វីលីពីនមួយកាលពីថ្ងៃទី១៦ សីហា បានបំពុលកូនៗរបស់ខ្លួនដោយកូន២នាក់ត្រូវស្លាប់។
បុរសឈ្មោះ JOEL JANOLINO ដែលសង្ស័យភរិយាខ្លួនថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុរសផ្សេងបានដាក់ថ្នាំពុលសម្លាប់សត្វកណ្តុរលាយក្នុងទឹកក្រូចកូកាកូឡាឱ្យកូនៗគេដែលនៅក្មេងខ្ចីផឹក ហើយរូបគេក៏ផឹកទឹកក្រូចលាយថ្នាំសម្លាប់កណ្តុរនេះមួយចំនួនដែរ។
ក្រោយការផឹកទឹកក្រូចលាយថ្នាំពុលកូនប្រុសគេ២នាក់ ម្នាក់អាយុ៥ឆ្នាំ និងម្នាក់ទៀតអាយុ៣ឆ្នាំ បានស្លាប់ ចំណែកកូនស្រីពៅ អាយុ១ឆ្នាំ និងខ្លួនបុរសនេះផ្ទាល់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សោកនាដកម្មនោះកើតមានកាលពីព្រឹកថ្ងៃទី១៦ សីហា ក្នុងភូមិ PUNTA BONBON ភាគខាងត្បូងហ្វីលីពីន។ អ្នកស្គាល់ឪពុកឃាតកនេះម្នាក់ដែលមកលេងផ្ទះគេបានប្រទះឃើញឆាកសោកនាដកម្ម ហើយប្រញាប់រាយការណ៍ដល់ប៉ូលិស។
មុនពេលប្រព្រឹត្តអំពើនេះបុរស JANOLINO បាននិយាយទូរស័ព្ទជាមួយភរិយាដែលធ្វើការនៅកោះលូហ្សុងជាកោះមួយនៅភាគខាងជើងហ្វីលីពីន។ រូបគេសង្ស័យថា ប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ហើយដោយប្រចណ្ឌក៏បានប្រព្រឹត្តអំពើល្ងង់ខ្លៅបែបនេះ៕
ចែករំលែកព័តមាននេះ