នាយករដ្ឋមន្ត្រីចិនលោកវេន ជាបាវ ប្រកាសកាលពីថ្ងៃទី១៥ សីហា ថា ប្រទេសចិននឹងផ្តល់ប្រាក់ចំនួន៣៥៣,២លានយន់(ប្រមាណជា៥៥,២៨លានដុល្លារ)ជាជំនួយស្បៀងដល់ប្រទេសអេត្យូពី និងប្រទេសអាហ្វ្រិកដទៃៗទៀតដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួត។ លោកវេន ជាបាវ ធ្វើការសន្យានេះក្នុងឱកាសនៃការជួបសន្ទនារបស់លោកកាលពីរសៀលថ្ងៃ ទី១៥ សីហា នៅក្រុងប៉េកាំងជាមួយសមភាគីអេត្យូពី លោកមឺឡេស ហ្សឺណាវី ដែលមកបំពេញទស្សនកិច្ចនៅចិន។
ចាប់តាំងពីឆ្នាំមុនមកតំបន់ស្នែងក្របីនៃទ្វីបអាហ្វ្រិកដែលរួមមានប្រទេសសូម៉ាលី ហ្ស៊ីប៊ូទី អេរីត្រេ និងអេត្យូពីរងការប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមួយ។ ប្រទេសចិនធ្លាប់បានប្រកាសរួចហើយកាលពីដំណាច់ខែកក្កដា ពីគម្រោងផ្តល់ជំនួយស្បៀងបន្ទាន់របស់ខ្លួនមានតម្លៃ៩០លានយន់(១៤លានដុល្លារ) ដល់បណ្តាប្រទេសនៃតំបន់ស្នែងក្របីទ្វីបអាហ្វ្រិក។
លោកវេន ជាបាវ បានសន្យាពីការជួយទ្រទ្រង់ផែនការអភិវឌ្ឍសេដ្ឋកិច្ចអេត្យូពី ហើយគូសបញ្ជាក់ថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអេត្យូពីក្នុងវិស័យអគ្គិសនី និងដឹកជញ្ជូន នឹងបង្កើនវិនិយោគខាងឧស្សាហកម្ម និងការផ្ទេរបច្ចេកវិទ្យា ហើយនឹងជួយអេត្យូពីក្នុងការកសាងផ្នែកកសិកម្មដ៏មានប្រសិទ្ធភាពមួយ ៕
ចែករំលែកព័តមាននេះ