ពួកឧទ្ទាមលីប៊ីកាលពីថ្ងៃទី១៥ សីហា បានវាយដណ្តើមត្រួតត្រាទីក្រុងគន្លឹះ៣តាមផ្លូវឆ្ពោះមកកាន់ទីក្រុងទ្រីប៉ូលី ដែលនោះជាការរុលទៅមុខដ៏សំខាន់បំផុតរបស់ពួកឧទ្ទាមតាំងពីចាប់ផ្តើមជម្លោះនៅលីប៊ីកាលពី៦ខែមុនមក។ ក៏ប៉ុន្តែមានពាក្យចចាមអារ៉ាមនានាជុំវិញការចរចាគ្នារវាងរបបលីប៊ី និងពួកឧទ្ទាមនៅទុយនីស៊ី។
នៅលើទីលានពួកបះបោរអះអាងពីការត្រួតត្រាមួយផ្នែកធំលើទីក្រុង ZAOUIA ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រខាងលិចក្រុងទ្រីប៉ូលី ព្រមទាំងកាន់កាប់ទីក្រុង GHARYANE និងក្រុង SORMAN។ ដូច្នេះពួកឧទ្ទាមកាន់តែរួបរិតជុំវិញក្រុងទ្រីប៉ូលីដែលជាទីតាំងរឹងមាំរបស់លោកកាដាហ្វី។
យោងតាមមេបញ្ជាការពួកឧទ្ទាមលោកអាប់ឌុល ហាមីដអ៊ីស្មៃអ៊ីល ថា នៅក្រុង ZAOUIA ការប្រយុទ្ធគ្នាមានសភាពខ្លាំងក្លានាពេលរាត្រីដែលអាចឱ្យពួកឧទ្ទាមវាយរុញច្រានកងកម្លាំងលោកកាដាហ្វីទៅកាន់ជាយក្រុងខាងកើតនៃទីក្រុងនេះ។ ពួកបះបោរ៥នាក់បានត្រូវស្លាប់។
ក្រោយការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញកាលពីថ្ងៃទី១៤ សីហា កន្លងមកនេះ ពួកឧទ្ទាមក៏ដណ្តើមត្រួតត្រាផងដែរលើទីក្រុង SORMAN និងក្រុង GHARYANE ។ ការវាយដណ្តើមកាន់កាប់ទីក្រុងទាំង២នោះធ្វើឱ្យដាច់ផ្លូវផ្គត់ផ្គង់ដល់ក្រុងទ្រីប៉ូលីដែលតាមធម្មតាមកពីប្រទេសទុយនីស៊ី។
លើរណសិរ្សភាគខាងកើតប្រទេសវិញ ពួកឧទ្ទាមពេលនេះត្រួតត្រារាល់តំបន់ប្រជាជនរស់នៅភាគខាងកើតក្រុងប្រេងប្រេហ្គា។ ការប្រយុទ្ធគ្នាប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ សីហា នៅផ្នែកទីតាំងប្រេងកាតនាភាគខាងលិចទីក្រុងនោះ។ អ្នកនាំពាក្យម្នាក់របស់សេតវិមាននិយាយថា វាកាន់តែច្បាស់ដែលថ្ងៃរបស់លោកកាដាហ្វីត្រូវរាប់ហើយនាពេលនេះដោយការធ្វើឱ្យមេដឹកនាំលីប៊ីរូបនេះស្ថិតនៅឯកោកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ៕
ចែករំលែកព័តមាននេះ