កម្ពុជាត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា កម្ពុជាត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC នៅឆ្នាំ២០២៩ ខាងមុខនេះ ត្រូវធ្វើឡើងក្រោមរូបភាពទាំងល្អមើល និងល្អស៊ី ។
ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា២០២៦ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរប្រទេសឡាវ ដែលបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានរំលឹកបន្តិចថា កម្ពុជាត្រូវបានចាត់ចូលនៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC នៅឆ្នាំ១៩៩១ ។ នៅឆ្នាំ២០២១ កម្ពុជាបានបំពេញលក្ខខណ្ឌវិនិច្ឆ័យលើកទី១ ។ ៣ឆ្នាំម្ដង គឺត្រូវធ្វើការវាយតម្លៃ ហើយលើកទី២ គឺវាយតម្លៃនៅឆ្នាំ២០២៤ ដែលត្រូវបានអនុម័តឱ្យចាកចេញ ។ ក្រោយពីការវិភាគសិក្សាដ៏ម៉ត់ចត់ របស់គណៈកម្មការគោលនយោបាយ និងភាគីពាក់ព័ន្ធ រួមជាមួយនឹងការសិក្សា ពិគ្រោះយោបល់ជាមួយដៃគូ កម្ពុជាក៏សម្រេចចិត្តយកការត្រៀមរយៈពេល៥ឆ្នាំ ដើម្បីចាកចេញ ហើយនេះ ហើយបានជាកម្ពុជាចេញនៅឆ្នាំ២០២៩។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «មូលហេតុអ្វី? និយាយពាក្យសាមញ្ញ គឺយើងអត់ចង់បានត្រឹមតែ “ល្អមើល ហើយអត់ល្អស៊ី” នោះទេ និយាយពាក្យខ្មែរថា ចង់បានទាំង “ល្អមើល ហើយល្អស៊ី”។ បានន័យថា ពាក្យនេះ ចង់សំដៅថា ពេលដែលយើងចាកចេញ យើងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីរត់ទៅប្រកួតប្រជែងក្នុងបរិបទថ្មី»។
ជាមួយគ្នានោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏រំលឹកថា សម្ដេចធ្លាប់បានលើកឡើងថា កម្ពុជាបានសម្រេចជាយុទ្ធសាស្ត្រត្រូវតែចាកចេញពី LDC ។ កម្ពុជាមិនអាចរស់នៅក្រោមឈ្មោះជាប្រទេសក្រីក្រ ហើយស្រណុកស្រួលឱ្យគេអាណិត និងជួយគ្រប់ពេលនោះទេ។ សម្ដេចថា «យើងត្រូវតែពង្រឹងខ្លួនឯង»។ នេះគឺជាទិសដៅនយោបាយដែល សម្ដេចតេជោបានសម្រេច ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានបន្តគឺកម្ពុជាសម្រេចចិត្តជាយុទ្ធសាស្ត្រចាកចេញពី LDC នៅថ្ងៃអនាគត ដើម្បីពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំនេះ គឺជាការពិត៕

ចែករំលែកព័តមាននេះ