ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្បៃខ្មែរ ខ្លែងខ្មែរ និងសិប្បកម្មដូនតា នឹងបង្ហាញក្នុងសប្ដាហ៍បេតិកភណ្ឌវប្បធម៌លើកទី២

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ស្បៃខ្មែរ ខ្លែងខ្មែរ និងសិប្បកម្មបុរាណរបស់ដូនតា នឹងត្រូវដាក់បង្ហាញជូនសាធារណជនក្នុងព្រឹត្តិការណ៍ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ ឆ្នាំ២០២៦» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើង ដើម្បីផ្សព្វផ្សាយ ថែរក្សា និងអភិរក្សមរតកវប្បធម៌ខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិចំនួន២ របស់កម្ពុជា ព្រមទាំងសម្បត្តិវប្បធម៌សំខាន់ៗផ្សេងទៀត តាមរយៈការពិព័រណ៍ស្បៃខ្មែរ ការពិព័រណ៍ខ្លែងខ្មែរ និងសិប្បកម្មជំនាញវិជ្ជាជីវៈដូនតា ព្រមទាំងសិល្បៈទស្សនីយភាពជាច្រើនទៀត។

ការរៀបចំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃបេតិកភណ្ឌវប្បធម៌អរូបី និងបង្ហាញពីស្នាដៃ សមត្ថភាព និងមរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុក ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបន្តថែរក្សា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមព្រឹត្តិការណ៍នេះ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជាឱ្យគង់វង្សពីមួយជំនាន់ទៅមួយជំនាន់ ដោយសង្កត់ធ្ងន់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕