ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ ដ៏​ឆ្នើម​លើក​ទី១១ ដាក់​បញ្ចាំង​នៅ​មាត់បឹង​តាកែវ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​» បាន​ចាប់ផ្តើម​ដំណើរការ​នៅ​លើ​ទឹកដី​ខេត្តតាកែវ ដោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ព្រមទាំង​បាន​ក្លាយជា​ស្ពាន​ចង​ភ្ជាប់​ទំនាក់ទំនង និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​យ៉ាង​សំខាន់​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-ចិន ​។

កាលពី​រាត្រី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សួនច្បារ​មាត់បឹង​តាកែវ ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រុមការងារ​បញ្ចាំងភាពយន្ត​ចល័ត​កម្ពុជា​-​ចិន បាន​រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី១១ ឆ្នាំ​២០២៦» ដោយ​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​។

ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​កិច្ចសហការ​រៀបចំ​រវាង នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា និង​អគ្គ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិម​ចិន (CMG) ព្រមទាំង​មានការ​សម្របសម្រួល​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋបាល​ខេត្តតាកែវ​ ។

លោក ឈ​ន ប៊ុ​ន​ហាក់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​ បាន​បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​នេះ ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​រួមចំណែក​លើកកម្ពស់ ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។ ជាង​នេះ​ទៀត ការ​ផ្លាស់​ប្តូរ វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ប្រកបដោយ​គុណ​តម្លៃ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​នាំ​មក​នូវ សុខ​សន្តិភាព និង​វិបុលភាព​រួម​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​» ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន (CMG) និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ដើម្បី​បម្រើ​ជា​ប្រយោជន៍​សាធារណៈ​។

គិត​ត្រឹម​ពេល​នេះ ការ​បញ្ចាំងភាពយន្ត​ចល័ត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ចំនួន ១០ លើក​រួច​មក​ហើយ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គ្រប់ ២៥ រាជធានី​-​ខេត្ត របស់​កម្ពុជា ចូល​ទៅ​ដល់​ភូមិ​ឃុំ ទី​ជនបទ សាលារៀន និង​បន្ទាយ​កងទ័ព ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ២០ ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឆ្នើម​ៗ​របស់​ចិន និង​កម្ពុជា ដោយ​ឥត​គិតថ្លៃ​។ លើស​ពី​ការ​ផ្តល់​ការ​កម្សាន្ត សកម្មភាព​នេះ​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​ជីវភាព​រស់នៅ វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ប្រជាជន​នៅ​តាម​តំបន់​ផ្សេង​ៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​បង្កើន​ការ​យល់​ដឹង និង​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន​ចិន និង​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ៕​