ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធសរុបចំនួន៤៦ ៥៤០នាក់ បានចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅទូទាំងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភណភាព អនាម័យ និងបរិស្ថានស្អាតនៅតាមមូលដ្ឋាន។
តាមទិន្នន័យរដ្ឋបាលខេត្ត ស្រុកដែលមានអ្នកចូលរួមច្រើនជាងគេ គឺស្រុកមេសាងចំនួន១០ ៧៥៧នាក់ បន្ទាប់មកស្រុកកំចាយមារចំនួន៧ ៣៨០នាក់ ស្រុកពារាំងចំនួន៧ ៤៧៩នាក់ ស្រុកកំពង់ត្របែកចំនួន៦ ០៥២នាក់ និងស្រុកពាមរក៍ចំនួន៧ ០៣០នាក់។ ក្រៅពីនេះ ក្រុងព្រៃវែង និងស្រុកផ្សេងៗទៀតក៏បានចូលរួមអនុវត្តយុទ្ធនាការនេះផងដែរ។
ដើម្បីរក្សាបរិស្ថានឱ្យបានស្អាតជាប្រចាំ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ឱ្យយកចិត្តទុកដាក់លើការថែរក្សាអនាម័យ និងជំរុញការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានកំណត់យកថ្ងៃព្រហស្បតិ៍រៀងរាល់សប្ដាហ៍ ជាថ្ងៃធ្វើយុទ្ធនាការសម្អាតបរិស្ថានជាប្រចាំនៅតាមស្ថាប័នរដ្ឋ និងឯកជន ដើម្បីបង្កើតទម្លាប់ល្អក្នុងការរក្សាអនាម័យ និងរួមគ្នាកសាងសហគមន៍ស្អាត មានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ៕
ចែករំលែកព័តមាននេះ