គិតពីឆ្នាំ២០០០! ជាលើកទី១ ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរីជិត ១៣ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក នាឆ្នាំនេះ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១២៧,៧១៨ដងនាក់។ តួលេខនេះមានការកើនឡើងយ៉ាងគំហុករហូតដល់ ៧៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបត្រឹមតែ ៧៣,៦៨៩ដងនាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបខាងលើ ភ្ញៀវទេសចរជាតិចំនួន ១២៧,៤៥៩ដងនាក់ (កើនឡើង ៧៤,០២%)។ ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥៩ដងនាក់ (ថយចុះ ៤១,៩២%)។
អ្នកនាំពាក្យដដែលបន្តថា កត្តាចម្បងដែលទាក់ទាញភ្ញៀវទេសចរឱ្យសម្រុកទៅលេងខេត្តភាគឦសានមួយនេះ គឺដោយសារអាកាសធាតុនៅតំបន់ភ្នំចាប់ផ្តើមចុះត្រជាក់ល្អ គួបផ្សំជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងសម្រស់ធម្មជាតិដ៏សម្បូរបែប។ ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា តំបន់វាលស្មៅ ជ្រលងភ្នំ និងទីតាំងបោះតង់នានា គឺជាគោលដៅពេញនិយមបំផុតសម្រាប់ការស្រូបយកខ្យល់អាកាសបរិសុទ្ធ និងផ្តិតយករូបភាពអនុស្សាវរីយ៍។
ក្រៅពីនេះ ព្រឹត្តិការណ៍ក្បួនរថយន្ត «ឦសាន Overland លើកទី៣» ដែលមានរថយន្តចូលរួមជាង ៥០០គ្រឿង ធ្វើដំណើរមកបោះតង់កម្សាន្តក្នុងខេត្ត ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរផងដែរ។
កំណើនភ្ញៀវទេសចរដ៏ច្រើនកុះករនេះ បានធ្វើឱ្យបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងរីសតនានា ត្រូវបានកក់ពេញស្ទើរគ្រប់កន្លែង រហូតដល់ភ្ញៀវមួយចំនួនបានជ្រើសរើសការបោះតង់សម្រាកនៅតាមតំបន់ធម្មជាតិជំនួសវិញ។ ទន្ទឹមនឹងនេះ នៅតាមទីប្រជុំជន តំបន់ផ្សារ និងដងផ្លូវសំខាន់ៗក្នុងក្រុងសែនមនោរម្យ មានលំហូរយានយន្តយ៉ាងច្រើនបន្តកន្ទុយគ្នា បង្កឱ្យមានការកកស្ទះចរាចរណ៍នៅតាមតំបន់មួយចំនួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចុះសម្រួលចរាចរណ៍ជាប់ជាប្រចាំ។
ស្របពេលជាមួយគ្នានេះ តាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន និងទីតាំងលក់ផលិតផលក្នុងស្រុកនានា ក៏មានភ្ញៀវចូលទទួលទានអាហារ និងទិញទំនិញយ៉ាងច្រើនកុះករ ដែលជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនដល់អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើធៀបនឹងថ្ងៃធម្មតា៕













ចែករំលែកព័តមាននេះ