ស្ពានឫស្សីទៅកោះប៉ែន សម្រេចបានជាង ៨០%ហើយ ត្រៀមបើកឱ្យឆ្លងកាត់នាខែធ្នូ និងមកលេងកម្សាន្តចូលឆ្នាំសកល
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្ពានឫស្សីមានទទឹង២ ម៉ែត្រ និងបណ្ដោយប្រមាណ១ ០០០ ម៉ែត្រ សម្រាប់ដើរឆ្លងពីត្រើយក្រុងកំពង់ចាម មកកាន់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន កំពុងត្រូវបានក្រុមកម្មករសម្រុកធ្វើមកដល់ពេលនេះគឺជិតរួចរាល់ហើយ។ ជាមួយនោះសម្រាប់ចូលឆ្នាំសកលមានការរៀបចំម្ហូបអាហារក្នុងតម្លៃសមរម្យ ដែលកំណត់ដោយមន្ទីរទេសចរខេត្ត រង់ចាំបម្រើភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីបង្កើតភាពសប្បាយរីករាយថែមទៀតផង។
លោកប៊ុន តារា អ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែន មានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពង់ចាម ក្នុងនោះគឺមានរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលមានវត្តមានតែក្នុងរដូវប្រាំង សម្រាប់បើកបម្រើសេវាជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់ទិសទី មកកំសាន្តលេង និងស្រូបយកខ្យល់ អាកាសបរិសុទ្ធជំនោរទន្លេមេគង្គ ។
អ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែន បានបន្តដឹងទៀតថា ចំពោះស្ពានឫស្សីដែលត្រូវបានក្រុមកម្មករកំពុងស្ថាបនានេះត្រូវបានទិញមកពីតំបន់ស្រុកលើ ដោយគេចងបណ្ដែតជាក្បូនតាមខ្សែទឹកហូរ ហើយយកមកធ្វើចាប់ផ្ដើមឡើងនៅក្នុងថ្ងៃទី៩ វិច្ឆិកា រហូតមកដល់ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺសម្រេចបានប្រមាណជាង៨០%ហើយ។ ដោយរំពឹងថា នៅក្នុងរង្វង់ប្រហែល១០ថ្ងៃទៀតនិងរួចរាល់ ដូច្នេះអាចបើកដំណើរការសាកល្បងឱ្យភ្ញៀវដើរឆ្លងកាត់នៅក្នុងថ្ងៃទី១០-១២ ធ្នូខាងមុខ ចំពោះឫស្សីដែលបានបង្កើតឡើងជាស្ពាននេះត្រូវបានចំណាយរហូតដល់ជិតពីរម៉ឺនដើមឯណោះ។
លោកបន្តថា ពេលចូលឆ្នាំសកលគឺនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន មានរៀបចំម្ហូបអាហារសម្រាប់រង់ចាំបម្រើសេវាភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេង ក្នុងនោះអ្នកខ្លះអាចបោះតង់សម្រាកលេងជាលក្ខណៈគ្រួសារហើយក៏មានសន្តិសុខយាមហ្នឹងសមត្ថកិច្ចជួយរក្សាសណ្ដាប់ធ្នាប់ជូនដល់បងប្អូនទៀតផង។
ទន្ទឹមនិងនោះ បងប្អូនអាចងូតទឹកទន្លេលេងសប្បាយរីករាយនៅក្នុងតំបន់ដែលបានកំណត់ហើយ សូមនាំគ្នាពាក់អាវពោងសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាដើម្បីធានាបានល្អប្រសើរ ។
លោកស៊ាន សុគុណ អតីតប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងដែរថា សម្រាប់ឆ្នេរខ្សាច់កោះប៉ែនគឺបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលំហែកាយរាល់ឆ្នាំមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ហើយការស្រស់ស្រូបអាហារគឺបានគោរពទៅតាមការណែនាំរបស់មន្ទីរដែលបានកំណត់តម្លៃនៅលើក្រដាសមុខម្ហូបច្បាស់លាស់សម្រាប់ឲ្យភ្ញៀវដឹងទៀតផង។
ជារឿយៗភ្ញៀវបរទេសតែងតែចាប់អារម្មណ៍ក្រៅពីលំហែកាយនៅឆ្នេរខ្សាច់កោះប៉ែន គឺពួកគាត់ដើរតាមខ្នងផ្ទះរបស់ពលរដ្ឋនៅកាប៉ែនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ដោយបានទិញផ្លែក្រូចថ្លុងពិសា និងយល់ដឹងពីការរស់នៅរបស់កសិករ ហើយថែមទាំងបានថតរូបទុកសម្រាប់បង្ហោះនៅលើបណ្ដាញសង្គមទាំងនេះ បានធ្វើឱ្យបរទេសស្គាល់កម្ពុជា មានតំបន់ទេសចរណ៍ជាច្រើនសម្រាប់លំហែកាយ ៕







ចែករំលែកព័តមាននេះ