ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ អ.ស.ប OCHA គូសបញ្ជាក់កាលពីថ្ងៃទី១៥ សីហា ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលកើតមាននៅប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១០ សីហា មក បណ្តាលឱ្យមានទឹកជំនន់ក្នុងស្រុក៧នៃតំបន់ SINDH ខាងត្បូង និងតំបន់ឯទៀតៗ នាភាគខាងជើងប៉ាគីស្ថាន។
នៅតំបន់ SINDH មនុស្សរវាងពី២០ទៅ២៥នាក់បានត្រូវស្លាប់ ហើយមនុស្សរវាងពី៥០០.០០០ទៅ៧៥០.០០០នាក់ រងការប៉ះពាល់ដោយទឹកជំនន់។ យោងតាមសារព័ត៌មានក្នុងស្រុក និងបណ្តាអង្គការជំនួយមនុស្សធម៌ នៅនឹងកន្លែងថា មនុស្សប្រមាណជា៥០.០០០នាក់ត្រូវភៀសមកកាន់ជំរំនានានៅបាឌីន។ នៅពុនចាប ភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗក្នុងស្រុកស៊ីអាល់កូត និងស្រុកកាសួរ ព្រមទាំងទឹកជំនន់នៅក្រុងឡាហ័រ និងក្នុងទីក្រុងដទៃៗទៀត ។ ការខូចខាតផ្ទះសម្បែង ដំណាំដាំដុះ និងហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នកំពុងវាយតម្លៃ។
កាលពីរដូវភ្លៀងឆ្នាំមុន ប្រទេសប៉ាគីស្ថាន រងការប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរបំផុត។ ទឹកជំនន់នោះ គ្របដណ្តប់រហូតដល់១ភាគ៥នៃផ្ទៃដីប្រទេស ហើយបណ្តាលឱ្យមានការខូចខាតប្រមាណជាជិត១០ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ