ទីក្រុងផតអូព្រីន៖ ថ្មីៗនេះ នគរបាលនៅប្រទេសហៃទីបើកប្រតិបត្តិការពិសេសរបស់ខ្លួនបាញ់សម្លាប់ក្រុមបងធំយ៉ាងតិច៣៤នាក់ដើម្បីកុំឱ្យពួកគេឡើងចាងខ្លាំងពេក។ នេះជាយុទ្ធនាការប្រឆាំងក្រុមបងធំដែលប្រដាប់ដោយអាវុធ និងដែលបានគ្រប់គ្រងរដ្ឋធានីផតអូព្រីន (Port-au-Prince) និងតំបន់ខ្សែក្រវាត់ក្រុងនេះអស់ជាយូរមកហើយ។ សមត្ថកិច្ចអះអាងថាមិនមានកម្លាំងរបស់ខ្លួន ឬជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់ទេនៅក្នុងប្រតិបត្តិការនៅម៉ាទីសាន់ (Martissant) ដែលជាប្លុកមួយកន្លែងនៃរដ្ឋធានី។

គួរកត់សម្គាល់ថាប្រតិបត្តិការប្រដាប់អាវុធពីសំណាក់ក្រុមសមត្ថកិច្ចប្រឆាំងនឹងក្រុមបងធំដែលមានអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចគ្នានោះចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំងឡើងៗនៅប្រទេសហៃទីចាប់តាំងពីមានការដាក់ពង្រាយកងទ័ពអែលសាលវ៉ាឌ័រកាលពីខែតុលា។ អាជ្ញាធរមិនបានបញ្ចេញចំនួនស្លាប់ពិតប្រាកដទេ។ ប៉ុន្តែអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សជាង២២៥០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមបងធំរយៈពេល៩ខែចុងក្រោយនេះ។ ក្នុងនោះ ជាង៣០០នាក់ជាជនស៊ីវិល។

តាមរយៈវីឌីអូឃ្លីបដែលអាជ្ញាធរហៃទីផ្សព្វផ្សាយនៅលើបណ្ដាញសង្គម គេឃើញអគារមួយខ្នងបាក់គ្រឹបរាបដល់ដី និងឃើញផ្សែងខ្មៅងងឹតហោះហើរទៅលើអាកាស។ ភាគនិរតីនៃតំបន់ម៉ាទីសាន់ស្ថិតក្រោមឥទ្ធិពលរបស់ក្រុមបងធំក្រេនរ៉ាវីន (Gran Ravine), ក្រុមទីប៊ីវ៉ា (Ti Bwa) និងក្រុមហ្វាយស៊ីហ្កន (5 Segond)។ ពួកគេជាសមាជិកសម្ព័ន្ធភាពឈ្មោះវីវអានសាន (Viv Ansanm) ដែលអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមភេរវកម្ម។ នគរបាលនិយាយថាប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមកិច្ចសហការពីកងកម្លាំងពិសេសរបស់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដែលចុះកិច្ចសន្យាជាមួយពួកយោធា។

នគរបាលនិយាយបន្តទៀតថាបុគ្គលិកយោធារបស់អែលសាលវ៉ាឌ័រក៏បានចូលរួមនៅក្នុងប្រតិបត្តិការនោះដែរ។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលអែលសាលវ៉ាឌ័រសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេនៅពេលអ្នកសារព័ត៌មានព្យាយាមទាក់ទងដើម្បីស្នើសុំការឆ្លើយបំភ្លឺ។ ប្រធានាធិបតីអែលសាលវ៉ាឌ័រ លោកណាយីប ប៊ូខេឡេ (Nayib Bukele) បានផ្សព្វផ្សាយវីឌីអូជាច្រើនបង្ហាញអំពីយុទ្ធនាការបាញ់ប្រហារដ៏គួរឱ្យញាក់សាច់ពីសំណាក់កងសន្តិសុខចាប់តាំងពីមានការដាក់ពង្រាយកងកម្លាំង២ពាន់នាក់ក្រោយការបាត់ខ្លួនកងកម្លាំងសន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ខែតុលា។

ទោះជាក្រុមចម្រុះបើកយុទ្ធនាការបង្ក្រាបក្រុមបងធំទទួលបានជោគជ័យជាបណ្ដើរៗយ៉ាងណាក្ដី ក្រុមអ្នកវិភាគយល់ថាបើគ្មានផែនការគ្រប់គ្រងទីតាំងទាំងនោះឱ្យបានច្បាស់លាស់ទេ ការវាយប្រហារក្រុមបងធំទាំងនោះមានប្រសិទ្ធភាពបានត្រឹមតែមួយឆាវៗប៉ុណ្ណោះ។ ពោលគឺប្រៀបដូចជាបោសសំរាមបញ្ច្រាសខ្យល់ដូច្នោះដែរ។ យូរ ឬឆាប់ ក្រុមបងធំនឹងវិលមកដណ្ដើមកាន់កាប់ទីតាំងដែលពួកគេធ្លាប់ឈរជើងសាជាថ្មីជាមិនខាន។ ហើយនៅពេលសងសឹកលើកនេះរឹតតែធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិតកាន់តែច្រើន៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ