ប្រទេសចិន ៖ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីឃើញព័ត៌មានពីសមាជិកគណៈប្រតិភូរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាដឺមៀ ពូទីន (Vladimir Putin) កំពុងយួរវ៉ាលិសបញ្ជានុយក្លេអ៊ែរ ខណៈលោកធ្វើដំណើរដល់ទីក្រុងសិនជិន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។
បើតាមប្រភពពី CBS News បានរាយការណ៍ថា អ្នកសារព័ត៌មានជនជាតិរុស្ស៊ីម្នាក់ បានថតវីដេអូបង្ហាញពីសមាជិកគណៈប្រតិភូរបស់លោក ពូទីន ម្នាក់ កំពុងកាន់វ៉ាលិសបញ្ជានុយក្លេអ៊ែររបស់រុស្ស៊ី។ វ៉ាលិសយួរដៃនោះ ត្រូវបានគេស្គាល់ថា «Cheget» ហើយនៅពេលត្រូវបានសួរដោយផ្ទាល់ថា តើលោកកំពុងតែកាន់វ៉ាលិសបញ្ជានុយក្លេអ៊ែរមែនឬទេ0x017d7 មន្ត្រីយោធារូបនោះ បានបញ្ជាក់ថា លោកពិតជាកំពុងកាន់វាមែន។
គួរបញ្ជាក់ថា «Cheget» គឺជាវ៉ាលិសបញ្ជានុយក្លេអ៊ែរចល័តដ៏សម្ងាត់បំផុតរបស់ប្រទេសរុស្ស៊ី។ ឧបករណ៍ដ៏សំខាន់នេះ ត្រូវបានផលិតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដាក់ឈ្មោះតាមភ្នំ Cheget នៅជួរភ្នំ Caucasus ក្នុងប្រទេសរុស្ស៊ី។ វាមិនមែនជាវ៉ាលិសមានគ្រាប់បែកនុយក្លេអ៊ែរខាងក្នុង ឬគ្រាន់តែជាប៊ូតុងក្រហមសម្រាប់ចុចបាញ់ភ្លាមៗនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ វាជាឧបករណ៍ទំនាក់ទំនងចល័តដ៏ទំនើបដែលភ្ជាប់ប្រធានាធិបតីទៅកាន់បណ្តាញបញ្ជាការកណ្តាល ដើម្បីផ្តល់សិទ្ធិអនុញ្ញាត និងបញ្ជូនលេខកូដបាញ់គ្រាប់នុយក្លេអ៊ែរគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
វ៉ាលិសនេះមានចំនួន ៣ ដែលត្រូវបានរក្សាទុកសម្រាប់ថ្នាក់ដឹកនាំកំពូលរុស្សី ៣ រូប គឺ ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គសេនាធិការកងទ័ព។ ជាទូទៅ វ៉ាលិសរបស់ប្រធានាធិបតីត្រូវបានយួរ និងការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីយោធារុស្ស៊ី ដែលតែងតែដើរតាមប្រធានាធិបតីគ្រប់ជំហាន ហើយដើម្បីអាចបញ្ជាបាញ់អាវុធនុយក្លេអ៊ែរបាន ប្រព័ន្ធពិសេសនេះ តម្រូវឱ្យមានការបញ្ជាក់ការយល់ព្រម និងបញ្ចូលលេខកូដពីវ៉ាលិសយ៉ាងតិច ២ ក្នុងចំណោមវ៉ាលិស ៣ នេះ មុននឹងបញ្ជូនការបញ្ជាទៅកាន់អង្គភាពមីស៊ីល។
នៅក្នុងប្រវត្តិសាស្ត្រ វ៉ាលិស Cheget ធ្លាប់ត្រូវបានបើកដំណើរក្នុងស្ថានភាពប្រកាសអាសន្នម្តងគត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៥ ដោយសាររ៉ាដារុស្ស៊ីចាប់បានសញ្ញារ៉ុក្កែតស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប្រទេសន័រវែស និងសហរដ្ឋអាមេរិក ហើយយល់ច្រឡំថាជាមីស៊ីលវាយប្រហារ៕ ប្រភព ៖ CBS News និង Al Jazeera




ចែករំលែកព័តមាននេះ