បើកប្រតិបត្តិការទ្រង់ទ្រាយធំ! កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ឃាត់ខ្លួនជនសង្ស័យ ៧៨នាក់ និងរឹបអូសកាណូត ១៣គ្រឿង ។

ជាក់ស្តែងគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានប្រកាសឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា កម្លាំងចម្រុះរួមមាន កម្លាំងយោធភូមិភាគទី៤ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ខេត្តកំពង់ធំ និងកម្លាំងវរសេនាតូចការពារអាកាស យោធភូមិភាគទី៤ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយបែងចែកជា ៤គោលដៅសំខាន់ៗ ៖

+ចំពោះគោលដៅទី១ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
កម្លាំងចំនួន៧នាក់ កាណូតចំនួន៣គ្រឿង ដឹកនាំដោយលោកនាយចំណង់ ឈឿង សុជាតិ មេបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនាធំទី៣ វរសេនាតូចស៊ើបការណ៍ សហការជាមួយអង្គភាពជំនាញ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្ត្រសង្កាត់ចុងឃ្នៀស សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

+ចំពោះគោលដៅទី២ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
កម្លាំងចំនួន ២នាក់ កាណូតចំនួន ១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ា ដន មេបញ្ជាការរង វរសេនាតូចការពារអាកាស សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក

+គោលដៅទី៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
កម្លាំងចំនួន ១៨នាក់ កាណូតចំនួន ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹងរងសៀមរាប សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំអន្លង់សំណរ ស្រុកជីក្រែង។

+គោលដៅទី៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
កម្លាំងចំនួន ៨នាក់ កាណូតចំនួន ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងកំពង់ធំ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។

ជាលទ្ធផលបង្ក្រាបរួម រុះរើ និងបំផ្លាញឧបករណ៍នេសាទនៅហ្នឹងកន្លែងរួមមាន ៖
-ដកហូតកាណូតចំនួន ១៣គ្រឿង
-ឈ្នាងអូសលៀស ១៣គ្រឿង
-កញ្ច្រែងរែងលៀស ១៣គ្រឿង
-របាំងសាច់អួន ១០របាំង ប្រវែង ៧៩០ម៉ែត្រ
-ឡុកសាច់អួន ១០គ្រឿង
-លប់លូសាច់អួន ១០មាត់
-ចាក់ប្រលែងលៀសចូលទន្លេវិញ ប្រមាណ ១,៣០០គីឡូក្រាម
-ចាក់ប្រលែងកូនត្រីចម្រុះ ប្រមាណ ៤០គីឡូក្រាម
-បង្គោលចម្រឹង ២៥០ដើម
-អប់រំណែនាំប្រជានេសាទចំនួន៣នាក់ (ស្រី១នាក់) កាណូត ២គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន៧៨នាក់ (ស្រី ២២នាក់)៕


ចែករំលែកព័តមាននេះ