គ្មានការលើកលែង៖ បង្ក្រាបការជួញដូរពស់ថ្លាន់ខុសច្បាប់ជាង៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបានម្នាក់
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមប្រភពពីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ត្រី សៀ ទីន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តសៀមរាប បានឱ្យកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃ (ពស់ថ្លាន់) ដោយខុសច្បាប់ នៅភូមិ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតពស់ថ្លាន់សរុបចំនួន២៧ការ៉ុងទម្ងន់៣១៨,៤គីឡូក្រាម ហើយបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីរៀបចំចាត់ចែងប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ហេតុការណ៍ចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងភូមិ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមការពារនិងអភិរក្សសត្វព្រៃ ដោយមិនគាំទ្រការជួញដូរសត្វព្រៃខុសច្បាប់ ៕





ចែករំលែកព័តមាននេះ