អ្នកមានគម្រោងទៅលេងកោះកុង ព្រះសីហនុ កំពត កែប និងបូកគោ អាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់១៥%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកណាមានគម្រោងដើរលេងចុងសប្តាហ៍នេះខ្លះ? មកឆែកមើលខេត្តណាខ្លះមេឃស្រឡះល្អ ហើយខេត្តណាខ្លះអាចមានភ្លៀងធ្លាក់ ។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ៖ សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង បានថយឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦៖
១. តំបន់វាលទំនាប ៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C ។ ស្ថានភាពខ្យល់ និងអាកាសធាតុ ៖ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ សម្រាប់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប ៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ជួរភ្នំដងរែក ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
ដោយឡែកចំពោះរលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕
ចែករំលែកព័តមាននេះ