យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ យោងតាមពួកឧទ្ទាមហ៊ូធីយេម៉ែនថា មនុស្សយ៉ាងតិច៧នាក់ស្លាប់ និង៩នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសមួយរបស់អារ៉ាប៊ីសា អូឌីត កាលពីថ្ងៃទី១៧ វិច្ឆិកា ប្រឆាំងរោងចក្រផលិតអេប៉ុងមួយនៅក្រុងកំពង់ផែហូដីដាកាន់កាប់ដោយពួកហ៊ូធី ។

ពួកហ៊ូធីអះអាងថា នោះជាស្នាដៃរបស់អារ៉ាប៊ីសាអូឌីត និងថា តុល្យការជនរងគ្រោះអាចមានខ្ពស់ជាងនេះទៀត ។ បណ្ដារូបភាពផ្សាយតាមទូរទស្សន៍ AL MASIRAH ត្រួតត្រាដោយពួកហ៊ូធី បង្ហាញផ្សែងខ្មៅដ៏ក្រាស់ហុយចេញពីរោងចក្រនោះ មុនពេលមានស្នូរផ្ទុះប៉ើងបំណែកនានាទៅលើអាកាស ។ ភ្លើងឆេះខ្លាំងបំផុត នៅទីតាំងរោងចក្រនេះ ចំណែកពួកអ្នកពន្លត់ភ្លើងខិតខំតតាំងពន្លត់ភ្លើងនោះ ។
ការវាយប្រហារតាមអាកាសនោះ របស់អារ៉ាប៊ីសាអូឌីត លើទីក្រុងកំពង់ផែនោះ កើតមានពេលកងកម្លាំងរបស់ពួកហ៊ូធីកំពុងវាយលុក ចូលដល់កៀកមាត់ទ្វារក្រុងអាដេនរដ្ឋធានីបណ្ដោះអាសន្នរបស់រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ។ ពួកយុទ្ធជនស្និទ្ធអ៉ីរ៉ង់នោះឥឡូវស្ថិតនៅចម្ងាយត្រឹមតែ៦០គីឡូម៉ែត្រទៀតប៉ុណ្ណោះពីក្រុងអាដេន។
កងទ័ពយេម៉ែនប្រកាស នាថ្ងៃទី១៥ វិច្ឆិកា ពីការដាក់ពង្រាយទ័ពជាថ្មីប្រឈមមុខនឹងការវាយរុលទៅមុខដ៏លឿននោះរបស់ពួកហ៊ូធី ។ មុននេះ កងទ័ពរដ្ឋាភិបាលយេម៉ែនប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែម នៅជុំវិញក្រុងអាដេនដែលកំពុងរងការគំរាមកំហែងដោយពួកហ៊ូធី ដោយដកកម្លាំងចេញពីជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រBAB EL MANDEB ដើម្បីពង្រឹងវត្តមានរបស់ខ្លួនក្នុងបណ្ដាតំបន់ដែលកាលៈទេសៈបច្ចុប្បន្នតម្រូវ ។
សេចក្ដីសម្រេចចិត្តនេះ ត្រូវបានរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីតចាត់ទុកថា ជាការឆ្លើយតបចំពោះអាទិភាពនៃសេចក្ដីត្រូវការខាងសន្តិសុខសម្រាប់ក្រុងអាដេន រដ្ឋធានីបណ្ដោះអាសន្នក្រោយពីរដ្ឋាភិបាលដកថយ ចេញពីរដ្ឋធានីសាណាដែលពួកហ៊ូធីដណ្ដើមកាន់កាប់កាលពីឆ្នាំ២០១៤ ។ បណ្ដាអ្នកទទួលខុសត្រូវយោធាយេម៉ែនគូសបញ្ជាក់ថា រដ្ឋាភិបាលចាប់ ផ្ដើមដាក់បាវខ្សាច់ និងជីកលេណដ្ឋាន តាមច្រកចូលនានានៃក្រុងអាដេនប្រឈមមុខការវាយរុលទៅមុខរបស់ពួកហ៊ូធី ៕

ចែករំលែកព័តមាននេះ