រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលមួយកន្លែង ហើយបើតាមស្ត្រីជាម្ដាយបានបភ្លឺប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់រូបនេះ ក្រោយពេលលែងលះប្រពន្ធរួចមកក៏មានជំងឺផ្លូវចិត្ត ទើបចងកស្លាប់បែបនេះតែម្ដង ។
សាកសពបុរសនោះ ត្រូវបានស្ត្រីជាម្ដាយប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលលេខ២៨ ជាន់ទី២ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសនោះឈ្មោះ រ៉ាន់ រ៉ុយ ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបានមកស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ហើយបានយកខ្សែអង្រឹងចងកជាប់ជាមួយឥដ្ឋខ្យល់បន្ទប់ជួល ។
អ្នកស្រី ហ៊ន វន អាយុ៥៨ឆ្នាំ ត្រូវជាម្ដាយបង្កើតបុរសនោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់ធ្លាប់មានប្រពន្ធនិងគេដែរ ប៉ុន្តែក្រោយមកបានបែកបាក់គ្នាដោយប្រពន្ធចុះចោលបាត់ ហើយចាប់តាំងពីពេលនោះមក កូនប្រុសគាត់ក៏បានក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលមានសភាពស្រងូតស្រងាត់មិនសូវនិយាយស្ដីឡើយ ។ ក្រោយមកគាត់ក៏បាននាំកូនប្រុសទៅកាន់មន្ទីរពេទ្យជាតិតេជោសន្តិភាព ហើយក្រោយការពិនិត្យពិគ្រោះជំងឺរួចមកគ្រូពេទ្យបានប្រាប់ថា កូនប្រុសគាត់មានជំងឺផ្លូវចិត្ត និងបានបើកថ្នាំឲ្យលេប ប៉ុន្តែកូនគាត់លេបថ្នាំមិនទៀងទាត់ឡើយ ។
ម្ដាយរូបនោះបាននិយាយប្រាប់បន្តថា កូនប្រុសបានស្នាក់នៅបន្ទប់ជួលខាងលើ ចំណែកគាត់ក៏ស្នាក់នៅបន្ទប់ជិតគ្នាដែរ ហើយនៅវេលាម៉ោង១៩យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គាត់បានទៅគោះទ្វារស្រែកហៅកូនប្រុស ប៉ុន្តែកូនមិនបានឆ្លើយតបឡើយ ។ ដោយឡែកទ្វារបានជាប់គន្លឹះពីខាងក្នុងទៀត ពេលនោះគាត់ក៏បានប្រាប់បងប្អូនឲ្យដឹង រួចនាំគ្នាគាស់ទម្លាយទ្វារបើកចូលទៅក្នុងបន្ទប់ ក៏ឃើញកូនប្រុសដេកស្លាប់នៅលើឥដ្ឋការ៉ូ ហើយភ្លាមៗនោះពុំទាន់ដឹងថាកូនប្រុសស្លាប់ដោយសារអ្វីទេ ។
អ្នកស្រី ហ៊ន វន បាននិយាយទៀតថា ក្រោយមើលបន្តិចក្រោមយមកបានឃើញមានខ្សែអង្រឹង១កំណាត់ នៅជាប់កកូនប្រុស និង១កំណាត់ទៀតនៅជាប់ប្រឡោះឥដ្ឋខ្យល់ខាងលើបង្អួច ដោយមានស្នាមដាច់ ទើបដឹងថាកូនប្រុសគាត់ស្លាប់ដោយចងក ។ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ រួចនាំសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ