ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា ប្រពន្ធ​ឃាត់​មិន​ឲ្យ​ទៅ​បង់សំណាញ់ ប្ដី​សម្លាប់​ខ្លួន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ជោគ ហើយ​សុំ​ប្រពន្ធ​ទៅ​បង់សំណាញ់​ទាំង​យប់ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ បាន​ហាមឃាត់​មិន​ឲ្យ​ទៅ​ទេ ព្រោះ​ខ្លាច​គាត់​លង់ទឹក ឬ​មាន​គ្រោះថ្នាក់​ដោយ​អ្វីមួយ តែ​គាត់​នៅ​តែ​ចចេស​រឹងរូស​អូស​ម៉ូតូ​ចេញ​ទៅ​ទាំង​ទ្រេតទ្រោត បណ្ដាល​ឲ្យ​ដួល​សង្កត់​លើ​កូនប្រុស​អាយុ​៦​ឆ្នាំ​។ ពេល​នោះ ក៏​មាន​ទំនាស់​គ្នា​កើតឡើង​រវាង​ប្រពន្ធ និង​រូប​គាត់ ហើយ​គាត់​បាន​កាន់ដំបង​ដែក​រលាស់​គំរាម​វាយ​ប្រពន្ធ ព្រមទាំង​ដេញ​ប្រពន្ធ​ចេញពី​បន្ទប់​ជួល​ថែម​ទៀត ទើប​ប្រពន្ធ​ចាកចេញ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ផ្សេង​ទៀត​ជាមួយ​កូនស្រី ចំណែក​គាត់​ឆ្លៀតពេល​នៅ​ម្នាក់ឯង ក៏​ចងក​សម្លាប់​ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុង​បន្ទប់​លេខ​២​ផ្ទះ​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នោះ​ឈ្មោះ​អេ​ង ដា​វិ​ន អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផែង ហ៊ា​ប អាយុ​៤១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានកូន​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ក្នុង​នោះ​កូនប្រុស​១​នាក់​និង​ស្រី​២​នាក់​គឺជា​កូន​ប្រពន្ធ​ជាមួយ​ប្ដី​មុន។ ចំណែក​កូនប្រុស​១​នាក់​ទៀត គឺជា​កូនបង្កើត​របស់​គាត់​ជាមួយ​ប្រពន្ធ (​គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ខាងលើ​ ដែល​ជា​ស្រី​មេម៉ាយ​កូន​៣) ហើយ​បុរស​នេះ​មាន​ទីលំនៅ​អចិ​ន្ត្រៃ​យ៍នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ឆ្នាំង ។

នាង ផែង ហ៊ា​ប ដែល​ជា​ប្រពន្ធ​បាន​និយាយ​ថា ប្ដី​របស់​នាង​រូប​នោះ​បាន​យក​ខ្សែ​កា​តាប​ចងក​ ជាប់​ជាមួយ​បង្កាន់ដៃ​ជាន់​ឡៅតឿ ក្នុង​បន្ទប់​ជួល​កើតហេតុ​នោះ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ចោល​រូប​នាង ​និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់។ ដោយ​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​ពេល​ត្រលប់​មក​ពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្ដិ​វិញ ប្ដី​របស់​នាង​ស្រវឹង​ជោគ ហើយ​បាន​សុំ​នាង​ទៅ​បង់សំណាញ់​យក​ត្រី​ធ្វើ​ម្ហូប ។

ស្ត្រី​ជា​ប្រពន្ធ ​បាន​និយាយ​បន្ត​ថា ខណៈនោះ​ដោយ​ឃើញ​ប្ដី​ស្រវឹងស្រា ហើយ​បារម្ភ​ខ្លាច​ប្ដី​លង់ទឹក​ស្លាប់ ឬ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ ទើប​នាង​ឃាត់​មិន​ឲ្យ​ទៅ​ឡើយ​ដោយ​នាង​បាន​និយាយ​ជាមួយ​ប្ដី​ថា «​ឲ្យ​តែ​ស្រវឹងស្រា ប៉ា​ឯង​ចង់​តែ​ទៅ​បង់សំណាញ់ ខ្ញុំ​មិន​ឲ្យ​ទៅ​ទេ»​។ ប៉ុន្តែ​ពេល​នោះ ​ប្ដី​នាង​នៅ​តែ​រឹង​ចចេស​ចង់ទៅ​ទៀត​មិន​ស្ដាប់​នាង​ឡើយ គាត់​បាន​អូស​ម៉ូតូ​ចេញ​ទៅ​ទាំង​សភាព​ទ្រេតទ្រោត ហើយ​ក៏​ដួល​សង្កត់​កូនប្រុស​អាយុ​៦​ឆ្នាំ ទើប​កើត​មាន​ទំនាស់​ជាមួយ​នាង ។

ប្រពន្ធ​រូប​នោះ​បាន​និយាយ​ទៀ​ថា ពេល​នោះ​ប្ដី​បាន​ដេញ​នាង​ចេញពី​បន្ទប់​ជួល ហើយ​នាង​មិន​ព្រម​ចេញ​ទេ ប៉ុន្តែ​ប្ដី​កាន់ដំបង​ដែក​រលាស់​គំរាម​ប្រើ​អំពើ​ហិង្សា​វាយតប់​នាង និង​បាន​បង្ខំ​ឲ្យ​នាង​ហៅ​កូន​ៗ​របស់​នាង​ជាមួយ​ប្ដី​មុន​មក​យក​នាង​ចេញពី​បន្ទប់​ជួល ទើប​នាង​ខ​ល​ហៅ​កូនស្រី​ឲ្យ​មក​យក​នាង​ទៅ​ស្នាក់​នៅ​ជាមួយ​១​យប់ ហើយ​ប្ដី​ក៏​នៅ​ក្នុង​បន្ទប់​ជួល​នោះ​ម្នាក់ឯង ។ ខណៈនោះ​នាង​មិន​បាន​នឹក​ស្មាន​ដល់​ថា ក្រោយ​ពេល​នាង​ចេញ​ផុត ប្ដី​ចងក​សម្លាប់​ខ្លួន​នោះ​ទេ រហូត​ដល់​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នាង​បាន​ចាក​ចេញពី​បន្ទប់​ជួល​កូន​ទៅ​កាន់​បន្ទប់​ជួល​របស់​នាង​និង​ប្ដី ដើម្បី​ងូតទឹក​ដូរ​សម្លៀក​បំពាក់​រៀបចំ​ខ្លួន​ទៅ​ធ្វើការ រោងចក្រ ។

កម្មការិនី​ម្នាក់​នេះ​បាន​និយាយ​រៀបរាប់​បន្ថែម​ថា ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត​និង​ជាប់​គន្លឹះ​ពី​ខាងក្នុង នាង​ក៏​បាន​គោះ​ទ្វារ​និង​ស្រែកហៅ​ប្ដី​ឲ្យ​បើកទ្វារ ប៉ុន្តែ​អត់​ឮ​ប្ដី​ឆ្លើយ​សោះ ហើយដោយ​មានការ​សង្ស័យ​ថា មានរឿង​មិន​ស្រួល នាង​ក៏​បាន​យក​កៅអី​ដាក់​ជាន់ឡើង​មើល​តាម​ប្រហោង​ព្រិល​ឥដ្ឋ​ខ្យល់ ។ ក៏​ស្រាប់តែ​ឃើញ​ប្ដី​ចងក​និង​ខ្សែ​កា​តាប​ជាប់​បង្កាន់ដៃ​បន្ទប់​ឡៅតឿ​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាង​ស្រែក​ប្រាប់​អ្នក​ជិតខាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ ។

ដោយឡែក​អ្នក​ជិតខាង​បាន​និយាយ​ថា នៅ​វេលា​យប់​នោះ​ប្ដី​ប្រពន្ធ​អ្នក​ទាំង​២​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ហើយ​ប្ដី​គំរាម​វាយ​និង​ដេញ​ប្រពន្ធ​ចេញពីផ្ទះ ។ លុះ​ក្រោយ​ពេល​ប្រពន្ធ​ចេញ​ទៅ​បាត់ ស្រាប់តែ​ឮ​ស្នូរ​បុរស​នោះ​បោក​ចាន​បោក​ឆ្នាំង​ចោល នៅ​ក្នុង​បន្ទប់ ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ។ រហូត​ដល់​ព្រឹក​ឡើង ស្រាប់តែ​ប្រពន្ធ​គាត់​ស្រែក​ឆោឡោ បន្ទាប់​ពី​ឃើញ​ប្ដី​រូប​នោះ​ចងក​ស្លាប់​ក្នុង​បន្ទប់​ជួល ប៉ុន្តែ​ពុំ​មាន​នរណា​បានដឹង​ថា បុរស​នោះ​ចងក​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ហើយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ និង​ធ្វើ​កំណត់ហេតុ ។ បន្ទាប់​មក​រាយការណ៍​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កោសល្យវិច័យ​សាកសព​បុរស​នោះ ៕​