ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រោគសញ្ញា និងមូលហេតុនៃការឡើងជាតិអាស៊ីតក្នុងឈាមមានអ្វីខ្លះ?

2 ថ្ងៃ មុន

សុខភាព៖ ការឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម គឺជាស្ថានភាពដែលរាងកាយមានជាតិអាស៊ីតអ៊ុយរិកច្រើនហួសកម្រិត ដោយសារការផលិតច្រើនពេក ឬតម្រងនោមមិនអាចបញ្ចេញសារធាតុនេះបានគ្រប់គ្រាន់។ ស្ថានភាពនេះអាចបង្កឱ្យមានកំណកជាតិអាស៊ីតនៅតាមសន្លាក់ និងប៉ះពាល់ដល់តម្រងនោម។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត។

រោគសញ្ញាដែលជួបប្រទះមានដូចជា ឈឺសន្លាក់ ហើម និងក្ដៅសន្លាក់ ជាពិសេសនៅម្រាមមេជើង កជើង ជង្គង់ កដៃ និងកែងដៃ។ ការឈឺចាប់ភាគច្រើនកើតឡើងតែមួយសន្លាក់ និងអាចឈឺខ្លាំងនៅពេលយប់ ព្រមទាំងអាចមានគ្រុនក្ដៅ ឬដុំពកក្រោមស្បែកដោយសារកំណកជាតិអាស៊ីត។

ចំពោះមូលហេតុ ជំងឺនេះច្រើនកើតលើបុរសដែលមានអាយុលើសពី ៥០ឆ្នាំ ហើយជាង ៩៥ភាគរយនៃករណីមិនមានមូលហេតុជាក់លាក់ទេ។ ទោះជាយ៉ាងណា ការខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យ ក៏អាចជាកត្តាបង្កឱ្យជាតិអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើងផងដែរ។

ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរកាត់បន្ថយអាហារដែលសម្បូរជាតិពុយរីន ដូចជា គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ សាច់ក្រហម និងជៀសវាងភេសជ្ជៈផ្អែម ព្រមទាំងគ្រឿងស្រវឹង។ គួរផឹកទឹកយ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលបន្ថយជាតិអាស៊ីត បំបាត់ការឈឺចាប់ និងការពារការខូចខាតសន្លាក់និងតម្រងនោម។

ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជំងឺជាក់ស្តែង សូមទាក់ទង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេស​ដើម្បីស្វែងរកមូលហេតុ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ៕