ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលតំបន់ស្វយ័តអាប៊ីហ្សង់ នៃសាធារណរដ្ឋកូតឌីវ័រ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹងបើកឱកាសឱ្យទីក្រុងទាំងពីរផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ កែលម្អការគ្រប់គ្រង និងសេវាសាធារណៈ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា នេះជាលើកដំបូងដែលខេត្តសៀមរាបចុះអនុស្សរណៈជាមួយដៃគូក្នុងតំបន់អាហ្វ្រិក ដែលជាជំហានថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក ក្លូដ ប៉ូឡាំង ដាណូ អភិបាលរងទី១ នៃតំបន់ស្វយ័តអាប៊ីហ្សង់ បានឱ្យដឹងថា កូតឌីវ័រមានសេដ្ឋកិច្ចរីកចម្រើនលើផលិតផលដូង កៅស៊ូ និងកសិកម្ម ខណៈទីក្រុងអាប៊ីហ្សង់កំពុងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនគុណភាពជីវិតប្រជាពលរដ្ឋ។ ទោះបីជាទីក្រុងទាំងពីរមានភាពខុសគ្នាក៏ដោយ ប៉ុន្តែប្រឈមនឹងបញ្ហាស្រដៀងគ្នា ដូចជាកំណើនប្រជាជន ការធ្វើដំណើរ និងសុខុមាលភាពសង្គម ដែលអាចដោះស្រាយបានកាន់តែប្រសើរតាមរយៈការចែករំលែកបទពិសោធ។
ជាមួយគ្នានេះ លោក យូមីតា កាហ្ស៊ូអូ ប្រធានទីប្រឹក្សាគម្រោង JICA បានបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាបបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងជ្រើសរើសសកម្មភាពសាកល្បងចំនួន៥ ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង ជាពិសេសការកែលម្អការធ្វើដំណើរ បរិស្ថាន និងទីធ្លាសាធារណៈ ដើម្បីបង្កើតទីក្រុងប្រកបដោយសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅយូរ ព្រមទាំងគាំទ្រអាជីវកម្មក្នុងស្រុក។ លោកសង្ឃឹមថា អនុស្សរណៈនេះនឹងក្លាយជាស្ពានតភ្ជាប់ឱ្យទីក្រុងទាំងពីររៀនសូត្រពីគ្នា និងបង្កើតដំណោះស្រាយរួម ដែលផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជន៕
ចែករំលែកព័តមាននេះ