រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានគោរពអធិបតេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំកើតឡើងពីការគោរពគ្នាទៅវិញទៅមក និងត្រូវបានវាស់វែងតាមលទ្ធផលជាក់ស្តែង ។
យោងតាមបណ្តាញសង្គមរបស់ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅកម្ពុជា បានលើកឡើងថា ជំពូកថ្មី នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជានៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គ្រីស្តូហ្វឺរ អ៊ែនដឺសិន (Christopher Anderson) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ។
ប្រភពបានលើកឡើងថា ជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ។
មេដឹកនាំទាំងពីរ ក៏បានផ្តោតលើការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអាមេរិក និងកម្ពុជាផងដែរ ។
នាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត អ៊ែនដឺសិន ក៏បានចែករំលែកបទពិសោធន៍អំពីការហ្វឹកហ្វឺនក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលបានបន្ថែមភាពស្និទ្ធស្នាលផ្ទាល់ខ្លួន លើកិច្ចពិភាក្សានេះ និងបង្ហាញពីចំណងពិសេសរវាងមេដឹកនាំទាំងពីរ ។
ស្ថានទូតបានបញ្ជាក់ថា៖ “សហរដ្ឋអា មេរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំកើតឡើងពីការគោរពគ្នាទៅវិញទៅមក និងត្រូវបានវាស់វែងតាមលទ្ធផលជាក់ស្តែង” ៕









ចែករំលែកព័តមាននេះ