ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរំកាយរឹទ្ធិថ្នាក់ជាតិលើកទី២ ផ្តោតលើការអភិវឌ្ឍបំណិនជីវិត និងសុវត្ថិភាពឌីជីថលដល់កុមារ

1 ថ្ងៃ មុន

ខេត្តកំពង់ធំ៖ ការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ «កុមារក្នុងបរិបទឌីជីថល» បានបើកជាផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។ ជំរំនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះមានគោលបំណងអភិវឌ្ឍកុមារ និងយុវជនឱ្យមានសុខភាពល្អ ចំណេះដឹង ចរិយាសម្បត្តិ ជំនាញទន់ បំណិនជីវិត ភាពច្នៃប្រឌិត សមត្ថភាពធ្វើការជាក្រុម និងស្មារតីចូលរួមថែរក្សាបរិស្ថាន និងអភិវឌ្ឍសហគមន៍ តាមរយៈការរៀន និងអនុវត្តសកម្មភាពជាក់ស្តែង។

ជំរំនេះមានអ្នកចូលរួមសរុប៤៥០នាក់ មកពី២៥រាជធានី-ខេត្ត រួមមានកាយរឹទ្ធិប្អូន កាយរឹទ្ធិជំទង់ និងយុវជនស្ម័គ្រចិត្ត ដោយមានស្ថានីយបំណិន៣ និងស្ថានីយភូមិឧបសគ្គ១។ គួរបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាចលនាអប់រំក្រៅប្រព័ន្ធ ដែលមានបេសកកម្មអភិវឌ្ឍកុមារ និងយុវជនឱ្យក្លាយជាពលរដ្ឋល្អ សកម្ម និងមានទំនួលខុសត្រូវ តាមរយៈការរៀនដោយអនុវត្តផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម សេរី ជំនះ បានណែនាំឱ្យកាយរឹទ្ធិប្អូនគោរពច្បាប់កាយរឹទ្ធិទាំង៥ប្រការ និងកាយរឹទ្ធិជំទង់គោរពច្បាប់ទាំង១០ប្រការ ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ ភាពស្មោះត្រង់ សាមគ្គីភាព ការជួយគ្នា ការដឹកនាំល្អ ការស្រឡាញ់ធម្មជាតិ ភាពក្លាហាន និងភាពច្នៃប្រឌិត។ ឯកឧត្តមក៏បានបញ្ជាក់ថា ការធ្វើជាកាយរឹទ្ធិពិតប្រាកដមិនស្ថិតលើឯកសណ្ឋាន ឬកន្សែងទេ ប៉ុន្តែស្ថិតលើការប្រព្រឹត្តអំពើល្អ និងការអនុវត្តគុណតម្លៃកាយរឹទ្ធិក្នុងជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់គ្រូដឹកនាំកាយរឹទ្ធិឱ្យបន្តអប់រំតាមរយៈការអនុវត្តផ្ទាល់ ការងារជាក្រុម និងការរៀនពីបទពិសោធ ព្រមទាំងបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ ដើម្បីឱ្យកុមារ និងយុវជនក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងការទទួលខុសត្រូវ៕