ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​តុលាការ ​ករណី​លួច​ម៉ូតូ ទទួលផល​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ និល​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​នាំ​ខ្លួន​ឈ្មោះ ឈួ​ង ម៉​យ ហៅ​ក្រៅ ង៉ោ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ប្តឹង​ចោទប្រកាន់ ឈួ​ង ម៉​យ ហៅ​ក្រៅ ង៉ោ​ល ស្ដី​ពី​ករណី​លួច (​ម៉ូតូ​) ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ 1AD-6632 ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ខាងលើ លោក​អនុសេនីយ៍ឯក តិ​ល​តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​មូលដ្ឋាន​ធ្វើការ​សួរ​ចម្លើយ​តាម​នីតិវិធី ក្រោយ​ជំនាញ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ឈួ​ង ម៉​យ (​ង៉ោ​ល​) បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​បាន​យក​ទៅ​លក​ឱ្យ​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ពៅ ក្រ​ហ៊ុ​ប (​ចាន់​ពៅ​) ភេទ​ប្រុស អាយុ​ប្រហែល​៤៦​ឆ្នាំ ក្នុង​តម្លៃ​៥០០.០០០​រៀល​(​ហាសិប​ម៉ឺន​រៀល​) ដោយ​ខ្លួន​យក​លុយ​ពី​ឈ្មោះ ពៅ ក្រ​ហ៊ុ​ប (​ចាន់​ពៅ​) តែ​ចំនួន​១០០.០០០​រៀល​(​ដប់​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ចំណែក​លុយ​នៅ​សល់ ខ្លួន​កាត់​យក​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ពី​ឈ្មោះ ពៅ​ក្រ ហ៊ុ​ប (​ចាន់​ពៅ​) វិញ គឺ​យក​ទៅ​ប្រើប្រាស់​និង​ចែកចាយ​បន្ត ។

ដោយ​ទទួល​បាន​តម្រុយ​បទល្មើស និង​បក្ខពួក កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គង់ រិ​ទ្ធា មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្នាក់​នៅ​របស់​ជនសង្ស័យ​ឈ្មោះ ពៅ ក្រ​ហ៊ុ​ប (​ចាន់ ពៅ​) នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ម្តុំ​ដីស ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ពៅ ក្រ​ហ៊ុ​ប (​ចាន់​ពៅ​) និង​បក្ខពួក​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន ។

សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ​ឈ្មោះ ពៅ ក្រ​ហ៊ុ​ប (​ចាន់​ពៅ​) រក​ឃើញ​មាន​បំណែក​ម៉ូតូ និង​វត្ថុ​តាង​ដូច​ជា ស្រោមសំបុត្រ​ពណ៌​គគីរ​បិទ​ជិត ចំនួន​០១​សំបុត្រ (​មាន​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ក្បឿង (WY) ចំនួន​១៤៤​គ្រាប់​កន្លះ ទម្ងន់​១៨,៥៥​ក្រាម​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១២៨​កូន​ថង់​កិប​(០១​ថង់​ធំ​) ទម្ងន់​៦១,១០​ក្រាម​), ហិប ចំនួន​០៣ (​ហិប​ដែក​០២ ហិប​ឈើ​០១), ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​០៣​គ្រឿង​, កាំបិត​កែ​ច្នៃ ចំនួន​០២​ដើម​, ម៉ាស៊ីន​សម្រាប់​អ៊ុត​មាត់​ថង់ ចំនួន​០១​គ្រឿង​, កូន​ស្លាបព្រា​ដែក ចំនួន​០១,​កូន​កាបូប​ពណ៌​ខ្មៅ ចំនួន​០១, ផ្លា​ក​លេខ​ម៉ូតូ ចំនួន​០១​សន្លឹក​, កង់​ម៉ូតូ ចំនួន​០១​គូរ​,​បំណែក​ម៉ូតូ​មួយ​ចំនួន​, កាត​គ្រី​ម៉ូតូ ចំនួន​០១​សន្លឹក​, ឯកសារ​មួយ​ចំនួន និង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ហើយ​នាំ​មក​កាន់​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​បន្ត ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែតុលា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕