រាជធានីភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានអះអាងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថានៅពេលនេះកម្ពុជាបានក្លាយជាប្រទេសសមាជិកថ្មី នៃទស្សនៈវិស័យ Super Intelligence ឬ SI នេះហើយ ។
ប្រភពដដែល បានអះអាងថា សហរដ្ឋអាមេរិក សូមស្វាគមន៍កម្ពុជា ក្នុងនាមជាប្រទេសថ្មីមួយ ដែលបានចូលរួមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូសម្រាប់ឱកាសក្នុងវិស័យបញ្ញាសិប្បនិម្មិត ។
ប្រភពដដែល បានបញ្ជាក់ថា កម្ពុជាបានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដៃគូ ចំនួន៥៤ផ្សេងទៀត នៅជុំវិញពិភពលោក ក្នុងការចែករំលែកចក្ខុវិស័យរួមមួយថា អនាគតនៃបញ្ញាសិប្បនិម្មិតពិសេស (Super Intelligence ឬ SI) គួរតែផ្អែកលើកិច្ចសហប្រតិបត្តិការ ដែលអាចទុកចិត្តបាន សន្តិសុខសេដ្ឋកិច្ច នវានុវត្តន៍ និងការប្រកួតប្រជែងដោយយុត្តិធម៌ ។
ប្រភពដដែល បានបន្តថា ពេលនេះ កម្ពុជាបានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដៃគូរបស់ខ្លួន ក្នុងការជំរុញវិធីសាស្ត្រដែលគាំទ្រកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក្នុងវិស័យ SI ដោយផ្អែកលើអាទិភាពរួម រួមមាន ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន ការជំរុញការចូលរួមពីវិស័យឯកជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងក្លាយជាកម្លាំងចលករសម្រាប់សតវត្សរ៍ខាងមុខ ។
តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជានិងអាមេរិក ព្រមទាំងប្រទេសផ្សេងៗទៀតនឹងកសាងអនាគត SI ដែលបម្រើផលប្រយោជន៍ប្រជាជន ពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងផ្តល់អំណាចដល់សហគ្រិនភាព នវានុវត្តន៍ និងនីតិរដ្ឋ ៕




ចែករំលែកព័តមាននេះ