ទីក្រុងគូឡាឡាំពួ ៖ ប្រទេសបារាំង និងម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានប្រកាសពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាច្រើន ដោយក្នុងនោះទីក្រុងគូឡាឡាំពួយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញរ៉ែកម្រ ដើម្បីគាំទ្រការអភិវឌ្ឍរួមគ្នាក្នុងវិស័យនេះ។ នេះបើតាមការចេញផ្សាយពី Reuters ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅឯទីក្រុងគូឡាឡាំពួ ដោយមេដឹកនាំទាំងពីរបានស្វែងរកការពង្រឹងទំនាក់ទំនងក្នុងវិស័យការពារជាតិ ពាណិជ្ជកម្ម ការផ្លាស់ប្តូរថាមពល និងធនធានរ៉ែសំខាន់ៗ។ ដ្បិតលោក Macron កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ (ថ្ងៃទី១៦-១៧ ខែវិច្ឆិកា) នៅម៉ាឡេស៊ី ដែលជាទស្សនកិច្ចលើកដំបូងរបស់លោក។
ក្រុមហ៊ុនបារាំង Carester និងក្រុមហ៊ុនរុករករ៉ែម៉ាឡេស៊ី Malaco កំពុងសហការគ្នាលើគម្រោងរុករក និងកែច្នៃរ៉ែកម្រ ដែលរួមមានរោងចក្រមួយនៅរដ្ឋ Perak ដែលអាចកែច្នៃរ៉ែកម្របានប្រមាណ ១៣ ០០០ តោនមក្នុង១ឆ្នាំ។ ម៉ាឡេស៊ីបានបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញរ៉ែកម្រ កាលពីខែមុន ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនដោយមានលក្ខខណ្ឌសម្រាប់គោលបំណងស្រាវជ្រាវ ឬកែច្នៃ។
ម៉ាឡេស៊ីកំពុងសម្លឹងរកការអភិវឌ្ឍសមត្ថភាពចម្រាញ់ក្នុងស្រុក និងទាញយកប្រយោជន៍ពីកំណើនតម្រូវការពីបណ្តាប្រទេសលោកខាងលិច ដែលកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន ដែលជាប្រទេសផលិតរ៉ែកម្រធំជាងគេបំផុតលើពិភពលោក។
លោក Macron និងលោក Anwar បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើននៅក្នុងវិស័យផ្លាស់ប្តូរថាមពល ឧស្សាហកម្មផលិតបន្ទះឈីប និងការពារជាតិ រួមទាំងផែនការរួមគ្នាតែមួយ ដើម្បីបង្កើតមជ្ឈមណ្ឌលថ្នាក់តំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកូនកាត់ ឬ Hybrid Threat។ លោក Macron ក៏បានលើកឡើងដែរថា ក្រុមហ៊ុន Airbus របស់បារាំង ក៏បានយល់ព្រមផ្គត់ផ្គង់ឧទ្ធម្ភាគចក្រដល់កងទ័ពអាកាសរបស់ម៉ាឡេស៊ីផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតបន្ថែមនោះទេ៕


ចែករំលែកព័តមាននេះ