ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារដល់កម្ពុជា ពង្រីកឱកាសបណ្តុះបណ្តាលជំនាញ និងការងារនៅខេត្តបាត់ដំបង

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងចំនួន ២០៤,១០១ ដុល្លារអាម៉េរិក ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្គត់ផ្គង់ឧបករណ៍បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្នុងគោលបំណងលើកកម្ពស់គុណភាពបណ្តុះបណ្តាលជំនាញ និងបង្កើនឱកាសទទួលបានជំនាញវិជ្ជាជីវៈជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

គម្រោងនេះត្រូវបានអនុវត្តក្រោមក្របខ័ណ្ឌជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន «គូសាណូណិ» ដោយមានពិធីចុះហត្ថលេខាលើកិច្ចសន្យានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ តាមគម្រោង ជំនួយនេះនឹងប្រើប្រាស់សម្រាប់សាងសង់អគារបណ្តុះបណ្តាល និងផ្គត់ផ្គង់ឧបករណ៍បណ្តុះបណ្តាលចំនួន៤៩មុខ ដើម្បីបង្កើនសមត្ថភាពអនុវត្តជាក់ស្តែងរបស់សិក្ខាកាម ជាពិសេសក្នុងការអភិវឌ្ឍជំនាញវិស័យកែច្នៃចំណីអាហារ។

តាមរយៈការកែលម្អបរិយាកាសបណ្តុះបណ្តាលនេះ យុវជន និងពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានជំនាញថ្មី ពង្រឹងសមត្ថភាព និងពង្រីកលទ្ធភាពទទួលបានការងារ ដើម្បីចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ ក៏នឹងជួយជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុន តាមរយៈឱកាសហាត់ការ និងការផ្លាស់ប្តូរធនធានមនុស្ស ព្រមទាំងគាំទ្រដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ឯកឧត្តម​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ លោកបានមើលឃើញពីការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលនៅត្រូវបន្តដោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ជប៉ុននឹងបន្តចូលរួមដោះស្រាយបញ្ហាទាំងនេះ តាមរយៈជំនួយអភិវឌ្ឍន៍នានា រួមទាំងគម្រោង «គូសាណូណិ» ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

សូមជម្រាបថា គម្រោងជំនួយឥតសំណង «គូសាណូណិ» របស់រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមសហគមន៍។ ក្នុងរយៈពេលជាង៣៥ឆ្នាំកន្លងមក ជប៉ុនបានចូលរួមគាំទ្រគម្រោងជាង៧០០នៅទូទាំងប្រទេស ដែលបានរួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕