ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​លុប​ចោល​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក​ទាំងអស់ និង​សន្យា​ទិញ​ផលិតផល​កសិកម្ម​បន្ថែម ខណៈ​អា​មេ​រិ​ក​នៅ​រក្សា​ពន្ធ ១៩% ដដែល

1 ថ្ងៃ មុន

ទីក្រុង​ម៉ានីល ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirakul កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ដើម្បី​បញ្ជាក់​ថា ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ (ART) បាន​ឈាន​ដល់​ការ​ឯកភាព​ជា​មូលដ្ឋាន និង​គ្រោង​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters និង The Business Times ។

តាម​រយៈ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​ខាងលើ ប្រទេស​ថៃ​បាន​យល់ព្រម​លុប​ចោល​ពន្ធ​ទាំងអស់​លើ​ទំនិញ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ដក​ចេញ​នូវ​របាំង​មិនមែន​ពន្ធគយ សំខាន់​ៗ​លើ​ផលិតផល​យានយន្ត ឧបករណ៍​វេជ្ជសាស្ត្រ ឱសថ អេតាណុល ព្រមទាំង​សាច់​ប​សុ​បក្សី​ផង​ដែរ​។ លើស​ពី​នេះ​ទៀត ថៃ​ក៏​បាន​សន្យា​ទិញ​ផលិតផល​កសិកម្ម​បន្ថែម​ពី​សហរដ្ឋអាមេរិក នៅ​ក្នុង​តម្លៃ​ប្រមាណ ២,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះជា​យ៉ាងណា​ក៏​ដោយ សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​មិន​បាន​បញ្ជាក់​អំពី​ការ​កាត់​បន្ថយ ឬ​ដក​ពន្ធគយ ១៩% របស់​ខ្លួន ដែល​បាន​ដាក់​លើ​ទំនិញ​ថៃ​នោះ​ទេ​។ មន្ត្រី​ថៃ​និយាយ​ថា ពួក​គេ​រំពឹង​ថា​អត្រាពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ថៃ​ភាគច្រើន​នឹង​នៅ​រក្សា​ត្រឹម ១៩% ខណៈ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ការ​កាត់​បន្ថយ​អត្រាពន្ធ​ឱ្យ​ទាប​ជាង​នេះ ឬ​ត្រឹម ០% សម្រាប់​ផលិតផល​មួយ​ចំនួន​។

លោក Anutin មាន​ទំនុកចិត្ត​ថា កិច្ចព្រមព្រៀង​នេះ នឹង​រួចរាល់​សម្រាប់​ការ​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​ជឿជាក់​ថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​នូវ​សន្ទុះ​កាន់តែ​ខ្លាំងក្លា​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ថៃ និង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​បើកឱកាស​ថ្មី​ៗ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លោក​បាន​បន្ថែម​ថា ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ គឺ​លើស​ពី​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទៅ​ទៀត​។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ ដែល​ស្មើនឹង ២៤,៦% នៃ​ការ​នាំ​ចេញ​សរុប​របស់​ខ្លួន គិត​ត្រឹម​ពេល​នេះ ដែល​ធ្វើ​ឱ្យ​កិច្ចចរចា​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​៕