ការបាត់បង់ដ៏ធំធេង ! ស្ថានទូតជប៉ុន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី អ្នកអភិរក្សប្រាសាទអង្គរដ៏ឆ្នើម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា ! ស្ថានទូតជប៉ុន រំលែកទុក្ខចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលបានលះបង់ដើម្បីអង្គរ និងធនធានមនុស្សកម្ពុជា ។ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានទូតជប៉ុន បានប្រកាសរំលែងទុក្ខចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា ។ ស្ថានទូតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា ក្នុងពេលវេលាដ៏សោកសៅនេះ ។
ស្ថានទូតជប៉ុន បានឱ្យដឹងថា រយៈពេលជាច្រើនឆ្នាំមកនេះ លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា បានដឹកនាំបេសកកម្មសូហ្វីយ៉ា ដោយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស និងជួសជុលប្រាសាទបុរាណនៅតំបន់អង្គរ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ។ ជាពិសេស ក្រោមទស្សនវិជ្ជាដឹកនាំរបស់លោកគឺ «ដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា» លោកបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជា ។ ស្ថានទូតសូមរឮក និងកោតសរសើរចំពោះការរួមចំណែកដ៏ឧត្តុង្គឧត្តមរបស់លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា ក្នុងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ។
ឈរលើគោលការណ៍របស់លោកសាស្ត្រាចារ្យ អ៊៉ីស៊ីហ្សាវ៉ា ចំពោះប្រទេសកម្ពុជា ស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ យើងខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យ អ៉ីស៊ីហ្សាវ៉ា បានទៅកាន់សុគតិភព ៕

ចែករំលែកព័តមាននេះ