ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ភ្នំពេញ និង​បណ្តា​ខេត្ត​ជា​ច្រើន អាច​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុំ​ភ្លេច​យក​អាវ​ភ្លៀង​តាម​ខ្លួន​ឱ្យ​សោះ​! ឥទ្ធិពល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង កំពុង​រុញច្រាន​ឱ្យ​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត អាច​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ​ថា ៖ សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦៖

១-​តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌ មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ចំណែក​ខេត្តកំពង់ធំ កំពង់ចាម និង​ត្បូងឃ្មុំ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

២-​តំបន់​ខ្ពង់រាប​៖​សីតុណ្ហភាព​មធ្យម​អប្បបរមា ២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍ មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។ ចំណែក​ខេត្តក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ រតនគិរី និង​មណ្ឌលគិរី ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

៣-​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍ មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។

ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ ៕