ទីក្រុងស៊ឹនចិន៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានអំពាវនាវឱ្យមានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះពាណិជ្ជកម្មដែលប្រកបដោយភាពសេរី និងបើកទូលាយ ហើយលោកប្រកាសប្រឆាំងនឹងនយោយបាយគាំពារនិយម។ លោកថ្លែងដូច្នេះនៅពេលបើកកិច្ចប្រជុំកំពូលអេប៉ិច។ គេរំពឹងថាលោកនឹងជួបគ្នាត្រីភាគីជាមួយសមភាគីអាមេរិក និងរុស្ស៊ី។ ប្រសាសន៍របស់លោកស៊ីជីនពីងធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសរឹតត្បិតបន្ថែមទៀតទៅលើការនាំចេញបន្ទះឈីបបំពាក់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Nvidia។

បើដូច្នេះមែន វានឹងរឹតតែធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលទើបតែស្ងប់ស្ងាត់នោះកាន់តែពិបាកដោះស្រាយ។ ប្រទេសចិនប្រកាសថាខ្លួននឹងចាត់វិធានការវាយបកវិញចំពោះចំណាត់ការរបស់អាមេរិក។ លោកស៊ីជីនពីងថ្លែងថាយើងត្រូវតែប្រកាន់ខ្ជាប់ទៅតាមប្រព័ន្ធពាណិជ្ជកម្មដែលផ្អែកលើវិធានជាគោល ហើយស្របទៅតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក, ត្រូវគាំទ្រការធ្វើពាណិជ្ជកម្ម និងវិនិយោគដែលប្រកបដោយភាពសេរី និងបើកទូលាយ, ត្រូវរក្សាស្ថិរភាព និងប្រតិបត្តិការដោយរលូននៃប្រព័ន្ធឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ជាសាកល។

ដៃគូពាណិជ្ជកម្មរបស់ចិនរិះគន់ថាចិនចំណេញមួយឆ្នាំៗ១ទ្រីលានដុល្លារពីគោលនយោបាយដែលគាំទ្រវិស័យផលិតកម្មរបស់ខ្លួន ហើយធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់ប្រាក់កាសកាន់តែច្រើន។ ទីក្រុងប៉េកាំងអះអាងថាផែនការស្ដីពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រព្រឹត្តទៅដោយសមរម្យ។ ប៉ុន្តែអាមេរិក អឺរ៉ុប និងប្រទេសដទៃទៀតព្រួយបារម្ភអំពីទំនិញរបស់ចិនដែលច្រើនលើសលប់នៅលើសាកលលោក ហើយធ្វើឱ្យចិនមានប្រៀបខាងភូមិសាស្ត្រនយោបាយ។ ពួកគេនិយាយថាគោលនយោបាយរបស់ចិនគំរាមកំហែងវិស័យឧស្សាហកម្ម និងការងាររបស់ពួកគេ។

លោកស៊ីជីនពីងថ្លែងថាប្រទេសចិននឹងបន្តវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងខិតខំអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដែលនឹងផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសដទៃ។ ប្រទេសចិននឹងបន្ធូរបន្ថយអត្រាពន្ធគយ ហើយនឹងបើកទីផ្សាររបស់ខ្លួនកាន់តែធំទូលាយ។ ទន្ទឹមនឹងនោះ ចិននៅតែប្រឆាំងនយោបាយគាំពារនិយម និងឯកតោភាគីនិយម។ សារនយោបាយរបស់លោកស៊ីជីនពីងហាក់ស្របទៅនឹងគោលជំហររបស់បណ្ដាប្រទេសនៅតំបន់អឌ្ឍគោលខាងត្បូង ហើយនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យារបស់ខ្លួនផ្ទុយពីវ៉ាស៊ីនតោន។ ខាងលើនេះជាការយល់ឃើញរបស់លោកចចឈឹន (George Chen) ដែលជាដៃគូ និងជានាយកក្រុមហ៊ុនឌីជីថល The Asia Group៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ