ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន RPITST នៃ​ក្រសួង​ការងារ​ ប្រកាសផ្ដល់​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ជំហាន​ទី​ ២ ​លើ​វិស័យ​សំណង់ សម្រាប់​អតីត​ពលករ​ជាង ៨០០​នាក់

1 ថ្ងៃ មុន

ខេត្តតាកែវ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ (RPITST) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ផ្ដល់​ការ​ធ្វើតេស្ត​ជំនាញ RPL ជំហាន​ទី​២ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ លើ​វិស័យ​សំណង់​ជាង ៨០០​នាក់ ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៦​។

បើ​យោង​តាម​លោក ធូ សុភាព នាយក​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ មាន​បេក្ខជន​សរុប​ចំនួន ២៣៣​នាក់​បាន​ចូលរួម​ធ្វើតេស្ត​ក្នុង​ជំហាន​ទី​២​នេះ​។ ការ​ធ្វើតេស្ត​ត្រូវ​បាន​រៀបចំ​ឡើង​លើ​ជំនាញ​ចំនួន ១១​មុខ​ជំនាញ​ដោយ​ឥត​គិតថ្លៃ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ជំនួស​។

ជំនាញ​ទាំង​១១​នោះ​រួម​មាន​៖ ការងារ​កំបោរ​, ការងារ​ការ៉ូ​, ការ​ដំឡើង​ពុ​ម្ភ​, ការ​ដំឡើង​បណ្ដាញ​បំពង់​ទឹក​, ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​, ការងារ​រន្ទា​, ការ​ដំឡើង​សរសៃដែក​, ការ​ផ្សារ​អគ្គិសនី​, ការ​លាបថ្នាំ​អគារ​, ការងារ​បេតុង​, និង​ការ​ដំឡើង​ដំបូល​។

ទន្ទឹម​នឹង​នេះ លោក ធូ សុភាព បាន​បញ្ជាក់​ផង​ដែរ​ថា «​អត្ថប្រយោជន៍​នៃ​ការ​ទទួលស្គាល់​ជំនាញ
ពលករ​ជា​ច្រើន​មាន​ជំនាញ​ពី​ការងារ​ជាក់ស្ដែង​រាប់​ឆ្នាំ ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​។ ជំនាញ​ដែល​មាន​ឯកសារ​បញ្ជាក់ ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ចរចា​តួនាទី និង​ប្រាក់ខែ​ខ្ពស់​ជាង​មុន​»​។

សម្រាប់​ព័ត៌មាន​បន្ថែម បេក្ខជន​អាច​ទំនាក់ទំនង​សាកសួរ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៣២ ២១០ ១០២/ ០៧៧ ៨៥៧ ៥១៨/ ០១៦ ៤៧៧ ៧៨២ ឬ​អញ្ជើញ​ទៅ​កាន់​ទីតាំង​ដោយ​ផ្ទាល់​របស់ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ អត្ថបទសហការ