ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​កម្ពុជា​-​ចិន ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍ​ជំនាញ កសាង​សមត្ថភាព​សហជីព និង​កម្លាំង​ពលកម្ម​ជំនាញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ ឈួ​ន​ហ័​រ (Wu Chuanhua) នាយករង​នៃ​មជ្ឈមណ្ឌល​កម្មករ​ចិន​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ (CWCIE) នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ជំនួប​នេះ​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​សហជីព​កម្ពុជា និង​ចិន តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ ទស្សនកិច្ច​សិក្សា ការ​អភិវឌ្ឍ​ជំនាញ និង​ការ​កសាង​សមត្ថភាព​សហជីព និង​កម្លាំង​ពលកម្ម ព្រមទាំង​ជំរុញ​ការ​សម្របសម្រួល និង​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក អ៊ូ ឈួ​ន​ហ័​រ និង​សហការី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​រវាង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) និង​មជ្ឈមណ្ឌល CWCIE ដែល​ជា​ផ្នែក​មួយ​ចំណុះ​ឱ្យ​សហជីព​ទូ​ទាំង​ប្រទេស​ចិន (ACFTU) ដែល​មាន​សមាជិក​ជាង ៣០០​លាន​នាក់​។ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ចំណងមិត្តភាព​ដ៏​ល្អ និង​រឹង​មាំ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​ចិន​។ ឯកឧត្តម​បាន​កត់សម្គាល់​ពី​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និង​ការ​វិនិយោគ និង​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ចិន​លើ​ការ​ស្រាវជ្រាវ ការ​បណ្តុះបណ្តាល និង​មធ្យោបាយ​ទំនាក់ទំនង ព្រមទាំង​បាន​ស្នើ​ឱ្យ​បន្ត​ផ្តល់​ការ​គាំទ្រ​បន្ថែម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិនិយោគិន​ចិន​។ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហជីព​កម្ពុជា និង​ចិន ខណៈ​ដែល​កម្លាំង​ពលកម្ម​កម្ពុ​ជាមួយ​ចំនួន​ធំ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​ទុន​វិនិយោគ​ចិន ជា​ពិសេស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​ 

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ការ​បន្ត​ទទួល​បានការ​គាំទ្រ​ពី​សហជីព​ចិន និង​ការ​ចែករំលែក​បទ​ពិសោធ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នឹង​បើកឱកាស​ឱ្យ​សហជីព​កម្ពុជា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ចិន និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ចិន​។ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​ពង្រឹងសមត្ថភាព​សហជីព​កម្ពុជា និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​បងប្អូន​កម្មករនិយោជិត​។ ជាមួយ​គ្នា​នេះ ក្រសួង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​សហជីព​កម្ពុជា និង​ចិន​កាន់តែ​រលូន និង​ជិត​ស្និទ្ធ​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​នឹង​អាច​ចែករំលែក​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក អ៊ូ ឈួ​ន​ហ័​រ បាន​កោតសរសើរ​ចំពោះ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ និង​ការ​គិតគូរ​ប្រកបដោយ​ភាព​ឯករាជ្យ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​។ លោក​បាន​គូសបញ្ជាក់​ថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គឺ​កា​រត​ភ្ជាប់​ទំនាក់ទំនង និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហជីព​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​លើកកម្ពស់​សមត្ថភាព​កម្លាំង​ពលកម្ម​។ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​សហជីព​និង​សហជីព គឺជា​កិច្ចការ​ដែល​ចាំបាច់​ត្រូវ​ជំរុញ​បន្ថែម ដែល​ស្របគ្នា​នឹង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ឱ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​៕ អត្ថបទសហការ