កម្ពុជាកំពុងកាន់ចង្កូតនាវារបស់ខ្លួនឱ្យនឹង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺច្បាប់ សន្តិភាព និងមិត្តភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថាស្ថិតក្នុងបរិបទពិភពលោក ដែលកំពុងពោរពេញដោយភាពប្រែប្រួល និងរលកធំៗ កម្ពុជាកំពុងកាន់ចង្កូតនាវារបស់ខ្លួនឱ្យនឹង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺ«ច្បាប់ សន្តិភាព និងមិត្តភាព» ។

ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការទូតចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនរត់គេចពីបញ្ហាប្រឈមនោះឡើយ ប៉ុន្តែកម្ពុជាកំពុងកាន់ចង្កូតនាវារបស់ខ្លួនឱ្យនឹង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺ«ច្បាប់ សន្តិភាព និងមិត្តភាព» ។
ឯកឧត្តមបានថ្លែងបូកសរុបទស្សនៈជុំវិញគោលជំហរការទូតរបស់កម្ពុជាយ៉ាងដូច្នេះថា ៖ «ក្នុងសមុទ្រពិភពលោកមួយដែលពោរពេញដោយរលកធំៗកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនរត់គេចពីរលកនោះទេ ។ កម្ពុជាកាន់ចង្កូតឱ្យនឹង ហើយចង្កូតនោះឈ្មោះថា ច្បាប់ សន្តិភាព និងមិត្តភាព» ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រីរូបនេះ ក៏បានសង្ខេបនូវសារអត្ថន័យសំខាន់ៗចំនួន៣ ពីការអញ្ជើញចូលរួមរបស់សម្តេចធិបតី ក្នុងជំនួបកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីភាពនឹងនរ និងភាពចាស់ទុំនៃនយោបាយការបរទេសកម្ពុជា រួមមាន ៖
ទី១. វត្តមាន និងសំឡេងច្បាស់លាស់លើឆាកអន្តរជាតិ ៖ កម្ពុជាជាប្រទេសតូច តែមានវត្តមានជាប់ជានិច្ច និងមានសំឡេងច្បាស់ៗនៅលើវេទិកាតំបន់ និងអន្តរជាតិ ។
ទី២. គោលការណ៍ច្បាស់លាស់ ៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាស់លាស់ នោះ គឺការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងការស្វែងរកគ្រប់ដំណោះស្រាយដោយសន្តិវិធី ។

ទី៣. ចំណងមិត្តភាព និងការគាំទ្រ ៖ កម្ពុជាមានមិត្ត ហើយមិត្តទាំងនោះកំពុងស្តាប់ កំពុងបន្តគាំទ្រ និងកំពុងបន្តរាប់រកកម្ពុជាក្នុងភាពស្និទ្ធស្នាលជាទីបំផុត ។


ជាមួយគ្នានោះដែរ ឯកឧត្តមឲ្យដឹងថា ក្នុងរយៈពេលជាង១២ម៉ោង នៃការបំពេញបេសកកម្មនៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរហូតដល់៧ និងជំនួបពិភាក្សាការងារទ្វេភាគីចំនួន២ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលឆ្លុះបញ្ចាំងពីភាពសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕
ចែករំលែកព័តមាននេះ