ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ចុះ​ពិនិត្យ ​និង​តាមដាន​ការ​អនុវត្ត​កម្មវិធី TVET 1.5M នៅ​វិទ្យាស្ថាន​ធី​វេ​ត​ចំនួន ​២ ក្នុង​ខេត្តសៀមរាប

2 ថ្ងៃ មុន

ខេត្តសៀមរាប​៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​តាមដាន​ការ​អនុវត្ត​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១,៥​លាន​នាក់ (TVET 1.5M) នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

បន្ទាប់​ពី​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​និង​គ្រូ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​ទាំង​ពីរ រួម​ជាមួយនឹង​ចំណាប់អារម្មណ៍​ផ្ទាល់​របស់​សិស្ស​ធី​វេ​តនៃ​កម្មវិធី TVET 1.5M លោក​ជំទាវ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិទ្យាស្ថាន​ធី​វេ​ត​ទាំង​ពីរ ដែល​បាន​ចូលរួម​អនុវត្ត​កម្មវិធី​នេះ​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​ក្នុង​ការ​ចូលរួម​ផ្តល់​ជំនាញ ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បាន​ផ្ដាំផ្ញើ​ឱ្យ​វិទ្យាស្ថាន​ធី​វេ​ត​ទាំង​ពីរ​ធ្វើ​ជា​ឆ្អឹងខ្នង​ក្នុង​ការ​កសាង​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​កម្ពុជា ដោយ​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋបាល​រាជធានី​-​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​វិស័យ​ឯកជន ដើម្បី​ផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល TVET 1.5M ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ TVET ឱ្យ​កាន់តែ​ច្រើន ជាមួយនឹង​ឱកាស​ចុះ​ធ្វើ​កម្មសិក្សា និង​ឱកាស​ការងារ ស្រប​តាម​អភិក្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី គឺ “​រៀន​ឱ្យ​ចេះ រៀន​ឱ្យ​ចប់ ឱ្យ​មានការ​ងារ​”​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ក្នុង​វិទ្យាស្ថាន​ទាំង​ពីរ និង​ការ​សិក្សា​របស់​សិស្ស​-​និស្សិត​ធី​វេ​ត​នៅ​តាម​ថ្នាក់រៀន និង​រោង​ជាង ដោយ​បាន​លើកទឹកចិត្ត​សិស្ស​-​និស្សិត​ធី​វេ​ត​ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ជំនាញ​ជា​ប្រចាំ និង​ត្រូវ​ចង​ចាំ​ថា មាន​ជំនាញ​គឺ​មានការ​ងារ មានការ​ងារ​គឺ​មាន​ចំណូល និង​មានឱកាស​ជួយ​ដល់​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​៕ អត្ថបទសហការ