ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិបតី​ស្នើ​ម្តងទៀត​ដល់​ប្រទេស​ថៃឱ្យ​សហការ​ជាមួយ​កម្ពុជា ដើម្បី​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជា​បន្ទាន់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ាលើក​ទី​២១ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ស្នើ​ម្តងទៀតដល់​ប្រទេស​ថៃ​ឱ្យ​សហការ​ជាមួយ​កម្ពុជា ដើម្បី​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជា​បន្ទាន់ តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) សំដៅ​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះ និង​ឈាន​ទៅ​រក​សន្តិភាព​ប្រកបដោយ​ចីរភាព ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នា​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​ពេល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ឯកឧត្តម​ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា សម្តេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​គាំទ្រ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ស្រង់​ប្រសាសន៍​របស់​សម្តេច​ធិ​បតី​យ៉ាង​ដូច្នេះ​ថា ៖ «​ទោះបីជា​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​ជិត​មួយ​ឆ្នាំទៅ​ហើយ​ក្តី ក៏​ឫសគល់​នៃ​ជម្លោះ​នេះ​នៅ​ដដែល នោះ គឺ​ខ្សែ​ព្រំដែន​មិន​ច្បាស់លាស់ ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​នៅឡើយ ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​សម្តេច​ធិ​បតី​ស្នើ​ម្តងទៀត​ដល់​ប្រទេស​ថៃ ស្នើ​ឱ្យ​សហការ​ជាមួយនឹង​កម្ពុជា ដើម្បី​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជា​បន្ទាន់ ដោយ​JBC» ។

បើ​តាម​ឯកឧត្តម ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ បាន​គូសបញ្ជាក់​បន្ថែម​ថា សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​អនុលោម​តាម​អ្វី​ដែល​បាន​ចែង​យ៉ាង​ច្បាស់ នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដែល​កម្ពុជា​និង​ថៃ​បាន​ចុះហត្ថលេខា​រួម​គ្នា ក្នុង​នោះ​រួម​មាន សេចក្តី​ប្រកាស​កូ​ឡា​ឡាំ​ពួ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​ជា​ពិសេស​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ​ឆ្នាំ​២០២៥ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា យោង​តាម​ប្រសាសន៍​របស់​សម្តេច​ធិ​បតី​សកម្មភាព​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ដោះស្រាយ​បញ្ហា​បាន​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ព្រមទាំង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​មួយ​ដ៏​យូរអង្វែង​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​ឈាន​ទៅ​រក​សន្តិភាព​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​៕