ទីក្រុងកៀវ៖ ដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនវាយប្រហារចំណុចប្រសព្វនៃស្ពានដែលតភ្ជាប់ទៅតំបន់គ្រីមៀរបស់រុស្ស៊ី។ នេះជាការការបំបាក់មុខពួកយោធារុស្ស៊ី និងលោកពូទីន២ថ្ងៃមុនកិច្ចប្រជុំកំពូលអេប៉ិចដែលគេរំពឹងថាលោកពូទីននឹងជួបលោកត្រាំ និងលោកស៊ីជីនពីង។ តាមរយៈវីឌីអូ និងរូបថតសន្លឹកដែលលោកហ្សេឡិនស្គីបង្ហោះនៅលើបណ្ដាញអ៊ិច គេឃើញចំណុចសំខាន់នៃស្ពាននោះបាក់គ្រាំងធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ហើយបន្សល់ទុកចន្លោះដ៏ធំមួយ។ លោកសរសេររៀបរាប់ថារុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់យើងជារៀងរាល់ថ្ងៃ រួមទាំងស្ពានផងដែរ។ ដូច្នេះ យើងចង់រំលឹកពួកគេថាសង្គ្រាមនឹងសងត្រឡប់ទៅវិញ។

នៅពេលថ្លែងសុន្ទរកថាប្រចាំពេលរាត្រី លោកហ្សេឡិនស្គីថាការវាយប្រហារនោះធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន និងកងកម្លាំងអ៊ុយក្រែនដទៃទៀត។ យើងបានប្រាប់រុស្ស៊ីជាយូរមកហើយថាការវាយប្រហាររបស់ពួកគេមកលើស្ពាន ទីក្រុង ភូមិ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរថភ្លើង និងកប៉ាល់ដឹកគ្រាប់ធញ្ញជាតិគឺច្រើនពេកហើយ។ យើងឆ្អែតឆ្អន់នឹងសង្គ្រាមណាស់។ ប៉ុន្តែរុស្ស៊ីទៅវិញទេដែលចេះតែបង្កើនការវាយប្រហារជាបន្តបន្ទាប់។

ស្ពានប្រវែង១៩គីឡូម៉ែត្រនោះជាគម្រោងដ៏ធំមួយដែលសម្ពោធដោយលោកពូទីនកាលពីឆ្នាំ២០១៨ និងជានិមិត្តរូបនៃការតភ្ជាប់ពីប្រទេសរុស្ស៊ីទៅឧបទ្វីបគ្រីមៀដែលរុស្ស៊ីចូលកាន់កាប់ និងដាក់បញ្ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។ ពេលវេលានៃការវាយប្រហារនេះកើតឡើងស្របពេលដែលលោកពូទីនត្រៀបជួបលោកត្រាំ និងលោកស៊ីជីនពីងនៅទីក្រុងស៊ឹនចិននាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ គេរំពឹងថាថ្នាក់ដឹកនាំទាំងបីនឹងពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន។ លោកហ្សេឡិនស្គីអះអាងថាការវាយប្រហារលើកនេះកើតមានឡើងក្រោយប្រតិបត្តិការដ៏ធំមួយដែលកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ប្រព័ន្ធរ៉ាដា និងសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិច។

អភិបាលនៃគណៈអភិបាលតំបន់គ្រីមៀ លោកសឺហ្គេ អាស៊ីយ៉ូណោហ្វ (Sergei Aksyonov) ថ្លែងថាមនុស្ស២នាក់ស្លាប់ដោយសារការវាយប្រហារនោះ។ ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពាននេះត្រូវផ្អាកជាបណ្ដោះអាសន្ន។ ក្រោយមក ការធ្វើដំណើរតាមរថភ្លើងអាចបើកដំណើរការឡើងវិញមួយផ្នែក។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថារុស្ស៊ីកំពុងរៀបចំគម្រោងជួសជុលស្ពាននោះឡើងវិញ ហើយលើកនេះអាចធ្វើកាន់តែល្អជាងមុនទៅទៀត។ ប៉ុន្តែអ្នកវិភាគយល់ថាការជួសជុលមិនមែនងាយស្រួលប៉ុន្មានទេព្រោះអ៊ុយក្រែនអាចវាយប្រហារបន្ថែមទៀត។ អ្នកវិភាគយោធា លោកអេមីល កាស់ស្តេហិលមី (Emil Kastehelmi) ថ្លែងថាស្ពាននេះមិនអាចជួសជុលនៅពេលកំពុងកើតមានសង្គ្រាមនោះទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ