សហរដ្ឋអាមេរិក ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ មានឈ្មោះថា ASIF MERCHANT កាលពីថ្ងៃទី១៧ វិច្ឆិកា ត្រូវបានតុលាការ
អាមេរិក កាត់ទោសដាក់ពន្ធនាគារ២៧ឆ្នាំកន្លះ ពីបទរួមគំនិតប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ។

នៅមុខតុលាការ ASIF MERCHANT លើកឡើងពីឈ្មោះមនុស្ស២នាក់ទៀត ដែលគេប៉ងសម្លាប់ដែរ គឺលោកចូបៃដិន និងលោកស្រីនិកគីហាឡីជាបេក្ខជនសំរាំងនៃគណបក្សសាធារណរដ្ឋសម្រាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ។ បុរសជនជាតិប៉ាគីស្ថានអាយុ៤៨ឆ្នាំរូបនោះ ត្រូវបានតុលាការក្រុងញូវយ៉កកាត់ទោស កាលពីថ្ងៃទី១៧វិច្ឆិកា ដាក់ពន្ធនាគារ២៧ឆ្នាំកន្លះ ដោយសារតួនាទីរបស់គេក្នុងគម្រោងសម្លាប់មនុស្សនៅលើទឹកដីអាមេរិក ។
រឿងប៉ងធ្វើឃាតនេះ កើតមានកាលពីខែកក្កដា ឆ្នាំ២០២៤ ពេលភ្នាក់ងារ FBI ធ្វើប្រតិបត្តិតាមរកពួកឃាតករ មុនពេលចាប់ខ្លួនASIF MERCHANT ។ តាមអយ្យការសហព័ន្ធក្រុងញូវយ៉កថា ចៅក្រមមួយរូបនៃតុលាការក្រុងញូវយ៉ក បានសម្រេចកាត់ទោសបុរសនោះពីបទប្រព្រឹត្តអំពើភេរវកម្មឆ្លងកាត់ព្រំដែន និងនៅពីក្រោយការប៉ងធ្វើឃាត ។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកTODD BLANCHE អះអាងថា បុរសនោះជាភ្នាក់ងាររបស់អ៉ីរ៉ង់មកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងការធ្វើឃាតប្រឆាំងលោកដូណាល់ត្រាំ ។
តាមសារព័ត៌មានអាមេរិកថា បុរសនោះបានការពារខ្លួនដោយលើកឡើងថា រូបគេធ្វើសកម្មភាពក្រោមការចាប់បង្ខំ របស់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដើម្បីការពារគ្រួសារគេដែលកំពុងរស់នៅក្រុងតេហេរ៉ង់ ។ បុរសនោះពន្យល់ទៀតថា បេសកកម្មរបស់គេគឹជ្រើសរើសឧក្រិដ្ឋជនម្នាក់ ដើម្បីរៀបចំបាតុកម្មនានា ប្រព្រឹត្តការលួចប្លន់លាងលុកកខ្វក់ហើយសម្លាប់នរណាម្នាក់ជាយថាហេតុ ៕

ចែករំលែកព័តមាននេះ