ទីក្រុងស៊ឹនចិន៖ លោកដូណាល់ត្រាំបានចាកចេញដំណើរពីប្រទេសហ្វ៊ីលីពីនសំដៅប្រទេសចិននៅព្រឹកនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអេប៉ិច ហើយនឹងជួបគ្នាត្រីភាគីជាមួយលោកពូទីន និងលោកស៊ីជីនពីងនៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែច្របូលច្របល់ដោយសារសង្គ្រាមអ៊ុយក្រែនក៏ដោះស្រាយមិនទាន់ចេញ រីឯសង្គ្រាមអ៊ីរ៉ង់ក៏ដូចគ្នា។ លោកត្រាំថ្លែងថាលោកគ្រោងពិភាក្សាជាមួយលោកស៊ី និងលោកពូទីនអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងការបញ្ចប់សង្គ្រាអ៊ុយក្រែន។ ក្រុមអ្នកវិភាគមិនរំពឹងថាការជួបគ្នាលើកនេះអាចនឹងសម្រេចបានលទ្ធផលជាដុំកំភួននោះទេទោះបីនេះជាការជួបគ្នាកម្រិតកំពូលក៏ដោយ។

មុនដំណើរទស្សនកិច្ចនេះ ជំនួយការរបស់លោកត្រាំជម្រាបជូនអ្នកសារព័ត៌មានថាសង្គ្រាមអ៊ុយក្រែននឹងក្លាយជាប្រធានបទដែលត្រូវពិភាក្សា។ លោកត្រាំថ្លែងកាលពីម្សិលមិញថាការស្លាប់របស់ទាហានរុស្ស៊ីរាប់ម៉ឺននាក់ក្នុងមួយខែៗជាការបើកផ្លូវឆ្ពោះទៅរកការបញ្ចប់ជម្លោះ។ លោកគិតថាភាគីជម្លោះចរចាជិតត្រូវរ៉ូវគ្នាហើយ។ យើងនឹងមានកិច្ចជំនួបដ៏ល្អអំពីបញ្ហានេះ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាស៊ីលើកនេះមានបញ្ហារំខានខ្លះៗនៅក្នុងប្រទេសអាមេរិកដោយសារភាពរអាក់រអួលផ្នែកសេវាឌីជីថល។ បញ្ហានេះធ្វើឱ្យគេបារម្ភថាប្រជាជនមិនអាចឆែកមើលអ៊ីមែល មិនអាចធ្វើដំណើរតាមយន្តហោះ ឬមិនអាចធ្វើឱ្យខ្ទង់គណនីធនាគាររបស់ខ្លួនមានសុវត្ថិភាព។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីឡាថាមិនមានភស្តុតាងថាបញ្ហារអាក់រអួលទាំងនោះបង្កឡើងដោយក្រុមប្រទេសប្រកួតប្រជែងជាមួយអាមេរិក, ដោយក្រុមហេកខឺ ឬក្រុមឧក្រិដ្ឋជននោះទេ។ លោកយល់ថាបញ្ហារអាក់រអួលខ្លះអាចកើតឡើងដោយសារភាពខ្វះចន្លោះនៃប្រព័ន្ធអេអាយដែលអាចបង្កបញ្ហារអាក់រអួលរយៈពេលខ្លី។ លោកត្រាំមានសុទិដ្ឋិនិយមថាលោកអាចនឹងជួបគ្នាជាលក្ខណៈឯកជនជាមួយលោកពូទីន ហើយអាចជួបគ្នាជាមួយលោកគីមជុងអ៊ុនផងដែរ។

លោកថាលោកមិនច្បាស់ថាអាចជួបគ្នាជាមួយលោកគីមដែរឬទេ។ ប៉ុន្តែបើតាមចិត្តរបស់លោក លោកចង់ជួបគ្នា។ យើងរង់ចាំតាមដានទាំងអស់គ្នាថាតើនឹងមានអ្វីកើតឡើង។ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាគ្រោះគំរាមកំហែងចំពោះសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីបូព៌ាគឺជប៉ុន និងកូរ៉េខាងត្បូង។ លោកអះអាងថាមេដឹកនាំកូរ៉េខាងជើងក៏ចង់ជួបគ្នាផងដែរ។ លោករូប៊ីអូបញ្ជាក់បន្ថែមថាលោកត្រាំពិតជាចង់ជួបលោកគីមជុងអ៊ុនដើម្បីដោះស្រាយភាពតានតឹងជាមួយរបបក្រុងព្យុងយ៉ាង។ ប៉ុន្តែលោកទទួលស្គាល់ថានៅពេលនេះមិនមានរបៀបវារៈជាក់លាក់នៃការជួបគ្នាទេ។ លោកមិនអាចជម្រាបជូនថាលោកត្រាំ និងលោកគីមនឹងជួបគ្នានៅថ្ងៃស្អែកឡើយ។ ប៉ុន្តែលោកអាចជម្រាបជូនថាលោកត្រាំពិតជាចង់ជួបលោកគីមដើម្បីពិភាក្សាគ្នា៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ