ស្រុកឱរ៉ាល់! ស្រូវចាប់ផ្តើមទុំ និងប្រមូលផលបណ្តើរៗហើយ ខណៈមន្ត្រីជំនាញនៃមន្ទីរកសិកម្មចុះអង្កេត និងវាយតម្លៃទិន្នផល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ស្រូវដើមរដូវរបស់ប្រជាកសិករចាប់ផ្ដើមទុំ (ជាប្រភេទស្រូវស្រាល ស្រូវក្រអូប) ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ចាប់ផ្ដើមប្រមូលផលបណ្តើរៗហើយ ប៉ុន្តែមានចំនួនតិចតួចនៅឡើយ សម្រាប់នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញនេះ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយមានការចូលរួមសហការពីមន្ត្រីកសិកម្មឃុំ មកពីឃុំសង្កែសាទប ឃុំតាសាល និងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ បានចុះអនុវត្តការងារអង្កេត និងវាយតម្លៃទិន្នផលស្រូវរដូវវស្សា ឆ្នាំ២០២៦ នៅភូមិពាម ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ត្រីមន្ទីរកសិកម្មដដែលបានបន្តទៀតថា ការចុះអង្កេតនេះ មានគោលបំណងវាស់វែង និងប្រមូលទិន្នន័យ ជាក់ស្តែងអំពីទិន្នផលមធ្យម និងបរិមាណផលស្រូវប្រភេទស្រូវក្រអូប ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជាផ្នែកមួយក្នុងការវាយតម្លៃ និងមូលដ្ឋានវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សា ឆ្នាំ២០២៦ ។
មន្ត្រីមន្ទីរកសិកម្មបានបញ្ជាក់ថា ជាលទ្ធផល នៃការអង្កេតលើកសិករ ងោល ងឿន ដែលបានដាំដុះស្រូវពូជផ្ការំដួល លើផ្ទៃដីសរុបចំនួន ០.៦០ហិកតា ក្រុមការងារបានជ្រើសរើសកាត់សំណាកចំនួន ៦ម៉ែត្រការ៉េ ទិន្នផលមធ្យម ០.៣៨គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ។ តាមលទ្ធផលនៃការអង្កេត សម្រាប់ផ្ទៃដី ០,៦០ហិកតា របស់កសិករខាងលើ អាចនឹងទទួលបានទិន្នផលស្រូវសរុបចំនួន ២,២៨តោន។
ចំពោះតម្លៃទីផ្សារ ស្រូវផ្ការំដួលសើមត្រូវបានលក់ទៅឱ្យឈ្មួញប្រមូលទិញ ក្នុងតម្លៃចន្លោះពី ១.០៣០ ទៅ ១.០៥០រៀល ក្នុងមួយគីឡូក្រាមផងដែរ៕






ចែករំលែកព័តមាននេះ