រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅកាន់ភាគីថៃ ដែលតែងតែព្រមានគំរាមកម្ពុជា កុំឲ្យនិយាយរឿងព្រំដែនកម្ពុជា-ថៃ ទៅកាន់ឆាកអន្តរជាតិថា កម្ពុជាកាន់តែនិយាយប្រាប់អន្តរជាតិ បើសិនថៃនៅតែមិនគោរពបទឈប់បាញ់ មិនព្រមចុះអនុវត្តវាស់វែងលើដីផ្ទាល់ ហើយមិនគោរពច្បាប់អន្តរជាតិ នេះបើងតាមការលើកឡើងរបស់អ្នកនាំពាក្យសម្តេចតេជោ ។
ឯកឧត្តម ជា ធារីទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ថា៖ “ខ្ញុំលើកឡើងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាការឆ្លើយតបទៅភាគីថៃ ថាដែលកម្លងមកនេះភាគីថៃ តែងតែព្យាយាមបិទមាត់កម្ពុជា និងព្រមានកម្ពុជាកុំឲ្យលើកយកប្រធានបទជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃ បានរំលោភបំពានកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ខ្ញុំសូមជប្រាបពីសាររបស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម ដាតុ អនុប្រធានព្រឹទ្ធសភា ម៉ាឡេស៊ី ដោយសម្តេចលើកឡើងថា បើសិនថៃ ចង់ឱ្យកម្ពុជាឈប់លើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅក្នុងវេទិការអន្តរជាតិ ថៃត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឲ្យបានពេញលេញ ជាពិសេសការចាប់ផ្តើម នៃដំណើរការ នៃការវាស់វែងលើដីជាក់ស្តែង ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដែលបានធ្វើកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ” ។
សម្តេចតេជោ បានលើកឡើងថា អស់រយៈពេល១១ខែមកហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀង ថៃមិនដែលអនុវត្តន៍ឡើយ នៃដំណើរការវាស់វែងនោះទេ ដូច្នេះហើយសារនេះ សូមភាគីឆាប់ចាប់ផ្តើមការវាស់វែងឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ហើយប្រសិនភាគី នៅតែបន្តមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានស្រាប់ និងមិនអនុវត្តន៍ការវាស់វែង នៅលើដីជាក់ស្តែងនោះទេ កម្ពុជានឹងមិនបោះបង់ចោលការនិយាយ ទាមទារពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃ បានរំលោភបំពានកម្ពុជានៅលើឆាកអន្តរជាតិនោះទេ។ មិនតែប៉ុណ្ណោះកម្ពុជា នឹងកាន់តែនិយាយលើសមុនថែមទៀត ។
អ្នកនាំពាក្យសម្តេចតេជោបានលើកឡើងទៀតថា ការលើកឡើងរបស់សម្តេចតេ ជោជាសារឆ្លើយតបទៅកាន់ភាគីថៃ ។ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ថាសម្តេចបានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរបស់រាជរដ្ឋាភិបាលកម្ពុជាការដោះស្រាះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីនឹងពឹងផ្អែកលើច្បាប់អន្តរជាតិ ៕


ចែករំលែកព័តមាននេះ